ការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣គិតត្រឹមថ្ងៃទី១៤ ខែ កក្កដាទាំង៤វិញ្ញាសាឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
គិតត្រឹមថ្ងៃទី១៤ ខែ កក្កដាការប្រកួតកីឡាទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។
ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គាំទ្រថិការបស់ក្រសួងអប់រំយុជននិងកីឡា ដំណើរការប្រកួតនៅរង្វង់មូល នាងមច្ឆា សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ កក្កដានោះ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនៅថ្ងៃទី១៤កក្តដានេះ នឹង កំពុងបន្តការប្រកួតស្វែងរកក្រុមជើងខ្លាំង២ក្រុមទាំង៤វិញសាឡើងទៅប្រកួតវគ្គផ្តាច់នៅថ្ងៃទី១៥ កក្កដាស្អែកនេះ។
លោក ឌុច សោភ័ណ្ឌ គ្រូបង្វឹក សមាគមកីឡាទាញព្រ័ត្រ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាននិយាយថា សម្រាប់ក្រុមកីឡាទាញមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានមកចូលរួមប្រកួតចំនួន២ក្រុមសុទ្ធសឹងជាក្រុមបុរស មាន៨នាក់ និង៤នាក់ គឺបានឡើងទៅកាន់វគ្គពាក់ផ្តាច់ព្រ័ត្រមានតែក្រុម៤នាក់បុរសនោះទេ ដោយយកឈ្នះក្រុមខ្លាំងបាត់ដំបង។
គ្រូបង្វឹករូបនេះ បានបន្តទៀតថា សម្រាប់ការប្រកួតទាញព្រ័ត្រជើងឯកឆ្នាំ២០២៣នេះ ក្រុមកីឡាទាញព្រ័ត្របុរស៤នាក់របស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គឺសមត្ថភាពអភិវឌ្ឍយ៉ាងខ្លាំងបានប្រកួតយកឈ្នះក្រុមខ្លាំងជាបន្តបន្ទាប់រហូតឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយប្រកួតបន្តទៀតនឹងត្រូវជួបក្រុមខ្លាំងមកពីខេត្តស្វាយរៀងដណ្តើមកៅអីឡើងវគ្គផ្តាច់ព្រ័ត្រ។ គ្
រូបង្វឹកខាងលើ បញ្ជាក់ទៀតថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះ ក្រុមកីឡាពួកយើងមានទឹកចិត្តប្រកួតខ្លាំងក្លា ដោយទទួលបានការគាំទ្រលើកទឹកចិត្ត ពីឯកឧត្តម តែម ម៉ឺន ប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទទាំងថវិកានិងការគាំទ្រលើកទឹកចិត្តមកទស្សនាដល់កន្លែងប្រកួតផ្ទាល់ ។ កាយវិកានិងទង្វើយកចិត្តទុកដាក់ដល់អត្តពលិកកីឡាក្រោមឱវាទនេះ ធ្វើឲ្យក្រុមកីឡាទាញព្រ័ត្រយើងមានទឹកចិត្តប្រកួត និងប្តេជ្ញាខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាពនាំយកពានរង្វាន់ជូនអង្គភាព។
សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០២៣ទើបបញ្ចប់ការប្រកួត ដោយ ប្រកួតលើ៤វិញ្ញាសា ៨នាក់បុរស ៨នាក់នារី ៤នាក់បុរស និង៤នាក់នារី ក្នុងនោះមានសមាគមន៍និងក្លិបកីឡាទាញព្រ័ត្ររាជធានី ខេត្ត ចូលរួមសរុបចំនួន១២៕
អត្ថបទ៖ ជាវ ចន្ធូ