ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីពង្រឹងការគ្រប់គ្រងថវិកា
ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលប្រព័ន្ធនេះ បាននិងកំពុងដើរតួនាទីស្វ័យប្រវត្តិកម្មលើដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ការអនុវត្តថវិកា និងការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ ដើម្បីធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ។
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាជិកចូលរួមសរុបចំនួន១៦០នាក់ មកពីអង្គភាពក្រោមឱវាទ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារកាបូឌីយ៉ាណា។

ប្រព័ន្ធ(EFMS) បាននិងកំពុងដើរតួនាទីស្វ័យប្រវត្តិកម្ម លើដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ ដោយគ្រប
ដណ្តប់លើមុខងាររួមមាន ការវិភាជថវិកា ការអនុវត្តថវិកា បញ្ជី និងរបាយការណ៍ ការគ្រប់គ្រងថវិកា ដំណើរការគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ការគ្រប់គ្រង មូលនិធិដំណើរការសាលារៀនសាធារណៈនិងកិច្ចបញ្ជីការគណនេយ្យសម្ភារជាដើម។
ប្រព័ន្ធនេះបានដាក់ឱ្យប្រើប្រាស់សម្រាប់អង្គភាពថ្នាក់រដ្ឋបាលកណ្ដាល គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា និងសាលារៀនសាធារណៈទូទាំងប្រទេស ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យានៃនាយកដ្ឋានហិរញ្ញវត្ថុផ្ទាល់។
នាពិធីនោះឯកឧត្តម ហង់ជួន ណារ៉ុន បានរំឭកថា ៖«ការដាក់ឱ្យដំណើរការនៃប្រព័ន្ធនេះ គឺស្របពេលជាមួយការដាក់ចេញនូវ ការសម្រួចសកម្មភាពជាអាទិភាពដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរមុខមាត់ថ្មីក្នុងវិស័យអប់រំ ដែលស្តែងចេញជាមួយការផ្ដោតលើអាទិភាពទាំង៨ចំណុច»។អាទិភាពទាំងនោះរួមមាន កំណែទម្រង់សាលារៀន កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ លើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ ជំរុញការអប់រំវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាសម្រាប់សិស្សានុសិស្សប្រកបដោយសមធម៌គុណភាព និងប្រសិទ្ធភាព ។
លើកកម្ពស់សុខភាពសិក្សា ដើម្បីកែលម្អការអាហារ ការផ្ដល់អាហារូបករណ៍ និងការផ្ដល់អាហារនៅតាមសាលារៀនសម្រាប់សិស្ស តម្រង់ទិសការអប់រំសិស្សនិងយុវជនឱ្យ ក្លាយជាពលរដ្ឋល្អតាមរយៈការលើកកម្ពស់ចំណេះដឹង បំណិន ចរិយាធម៌ជាពលរដ្ឋល្អ។
នៅក្នុងអាទិភាពនេះ ក្រសួងអប់រំ យុវជន និងកីឡា បង្កើតមជ្ឈមណ្ឌលឧត្តមភាពគ្រឹះស្ថាន ឧត្តមសិក្សា ដោយបន្តការធ្វើកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សាពង្រឹងអភិបាលកិច្ច ផ្តល់ឋានៈនិងលើកកម្ពស់គុណវុឌ្ឍសាស្ត្រាចារ្យ និងបង្កើតមជ្ឈមណ្ឌលឧត្ដមភាពគ្រឹះស្ថានឧត្ដមសិក្សា។

ពាក់ព័ន្ធប្រព័ន្ធនេះដែរឯកឧត្ដម ហង់ជួន ណារ៉ុន បានស្នើដល់សមាជិកសមាជិកានៃអង្គសិក្ខាសាលាដែលបានចូលរួមប្រើប្រាស់ឱ្យអស់សក្តានុពលនៃមុខងារប្រព័ន្ធ និងចូលរួមផ្តល់មតិយោបល់ជាធាតុចូល សម្រាប់ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាព និងនវានុវត្តប្រព័ន្ធឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង៕
ដោយ: សុខ រក្សា