ពូទីន៖ រថក្រោះផលិតដោយបរទេសនៅអ៊ុយក្រែន គឺជាគោលដៅអាទិភាពសម្រាប់កងកម្លាំងរុស្ស៊ីក្នុងការបាញ់កម្ទេច

មូស្គ: កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងថា ការផ្គត់ផ្គង់គ្រឿងសព្វាវុធរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនអាចជួយអ្វីបាននៅលើសមរភូមិនោះទេ ផ្ទុយទៅវិញ វាបានធ្វើឱ្យជម្លោះកាន់តែកើនឡើងខ្លាំង។ លោកបានបន្ថែមថា បណ្ដារថក្រោះដែលផលិតដោយបរទេស គឺជាគោលដៅអាទិភាពសម្រាប់កងកម្លាំងរបស់ទីក្រុងម៉ូស្គូក្នុងការបាញ់ប្រហារ។
 
ការលើកឡើងនេះគឺជាការធ្វើអត្ថាធិប្បាយទៅកាន់ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូត្រូវបានបញ្ចប់ទៅ ហើយណាតូក៏បានសន្យាថាពួកគេនឹងបើកផ្លូវស្វាគមន៍ជានិច្ចចំពោះសមាជិកភាពរបស់ប្រទេសអ៊ុយក្រែនមកកាន់អង្គការសម្ព័ន្ធយោធាមួយនេះ។ ជាការឆ្លើយតប លោក ពូទីន បានបង្ហាញនូវជំហររបស់លោកថា សកម្មភាពបែបនេះនឹងគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី និងបង្កើនភាពតានតឹងកាន់តែខ្លាំង។
 
លោកពូទីនបានថ្លែងថា «ការផ្គត់ផ្គង់គ្រឿងសព្វាវុធថ្មី នឹងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ហើយនឹងជំរុញឱ្យជម្លោះកាន់តែខ្លាំងឡើងៗ»។ នៅពេលដែលមានការសាកសួរអំពីការសម្រេចចិត្តរបស់បារាំងក្នុងការផ្គត់ផ្គង់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន ដែលមីស៊ីលនោះអាចបាញ់បានចម្ងាយប្រមាណជា ២៥០ គីឡូម៉ែត្រ លោក ពូទីន បានតបថា «ពិតមែនហើយ គ្រាប់មីស៊ីលទាំងនោះនឹងបង្កឱ្យមានការបំផ្លិចបំផ្លាញ ប៉ុន្តែគ្រាប់មីស៊ីលទាំងអស់នោះ គ្មានអ្វីធ្ងន់ធ្ងរដែលនឹងកើតឡើងនៅក្នុងតំបន់សង្រ្គាមនោះទេ»។
 
លោកពូទីនបានសង្កត់ធ្ងន់ម្ដងទៀតថា «រថក្រោះផលិតដោយបរទេស គឺជាគោលដៅអាទិភាពដែលកម្លាំងរបស់យើងត្រូវកំណត់គោលដៅវាយប្រហារ»។ គួរដឹងដែរថា បណ្តាប្រទេសលោកខាងលិចបានផ្គត់ផ្គង់គ្រឿងសព្វាវុធរាប់ពាន់លានដុល្លារទៅកាន់អ៊ុយក្រែន រាប់ចាប់តាំងពីថ្ងៃដែលកងកម្លាំងរុស្ស៊ីបានចូលឈ្លានពានប្រទេសនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែកាលនោះ លោកពូទីនបានហៅសកម្មភាពរបស់ខ្លួនថា ជាប្រតិបត្តិការយោធាពិសេស ដើម្បីកម្ចាត់ពួកណាស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
 
នៅក្នុងកិច្ចប្រជុំកំពូលនារដ្ឋធានីវីលនីញូស ប្រទេសលីទុយអានី ក្នុងសប្តាហ៍នេះ មេដឹកនាំណាតូបានព្រមព្រៀងគ្នាថា អ៊ុយ
ក្រែនគួរតែអាចចូលជាសមាជិកជាមួយសម្ព័ន្ធភាពយោធានៅពេលជាក់លាក់ណាមួយនាថ្ងៃអនាគត។
 
ដោយឡែក ក្រុមប្រទេស G7 ក៏បានណែនាំដាក់ចេញនូវក្របខណ្ឌអន្តរជាតិសម្រាប់រក្សាសន្តិសុខរយៈពេលវែងរបស់អ៊ុយ
ក្រែន ដើម្បីបង្កើនការការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី និងរារាំងទីក្រុងម៉ូស្គូពីការឈ្លានពាននាពេលអនាគត។
 
នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈដំបូងរបស់លោក ពូទីន លោកបានរំឮកឡើងវិញនូវគោលជំហរប្រឆាំងយ៉ាងដាច់ខាតរបស់ទីក្រុងម៉ូស្គូចំពោះការចង់ចូលរបស់អ៊ុយក្រែនទៅជាសមាជិករបស់អង្គការណាតូ ដោយលើកឡើងអំពីហានិភ័យដែលអាចកើតមានចំពោះផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។
 
លោកបាននិយាយថា «ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងអង្គការណាតូ មិនបានបង្កើនការការពាសន្តិសុខរបស់អ៊ុយក្រែនខ្លួនឯងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឱ្យពិភពលោកកាន់តែងាយរងគ្រោះ»។ លោកបានបន្ថែមថា «ប្រទេសនីមួយៗមានសិទ្ធិពង្រឹងសន្តិសុខរបស់ខ្លួន ប៉ុន្តែមិនមែនពឹងប្រទេសផ្សេងទៅចំណាយឱ្យនោះទេ»៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ Reuters Putin: foreign-made tanks are ‘priority target’ for Russian forces in Ukraine

ads banner