គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវដល់ សមត្ថកិច្ចស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាក់ទងបញ្ហាព្រំដែន

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសទាត់ចោលទាំងស្រុងនូវការចេញផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងនិងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដោយភ្ជាប់ ខ្លឹមសារថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា” ។

គណៈកម្មាធិការចម្រុះកិច្ច ការព្រំដែន សូមបញ្ជាក់ថា គឺមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋក្នុងកំឡុងពេលជិតបោះឆ្នោត ដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ គ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការធ្វើអោយ បាត់បង់ទឹកដី ក៏ដូចជាការបណ្តោយអោយមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង ធ្វើអោយប្រជា ពលរដ្ឋបាត់បង់ដីស្រែចំការ។ល។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ ដូចជាជាមួយនឹងប្រទេសជិតខាងផ្សេងៗទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ធ្វើបានត្រឹមត្រូវ ម៉ត់ចត់ និងច្បាស់លាស់បំផុត ដើម្បីរក្សាបានផ្ទៃក្រឡាដីកម្ពុជា ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា ដូចបានកំណត់ច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវការផ្សព្វ
ផ្សាយព័ត៌មានខុសពីការពិតទាំងនោះ និងសូមអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំ ជឿ និងកុំចែកចាយរាល់ព័ត៌មានក្លែងក្លាយរបស់ជនអគតិ ដែលមានចេតនាទុច្ចរិត វាយប្រហារដល់កិច្ចការ ព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយដែលសកម្មភាពទាំងអស់នោះ អាចនឹងប្រឈមមុខនឹងផ្លូវច្បាប់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏សូមអំពាវនាវផងដែរដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូលរួមស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចទាំងឡាយណា ដែល មានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ ទៅតាមផ្លូវច្បាប់ជាធរមាន៕

ads banner