ឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា ធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ប្រមូលបច្ច័យ កសាងអគារសិក្សា១ខ្នងចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ក្នុងខេត្តក្រចេះ
(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយនិងមន្រ្តីរាជការ ក្រោមឱវាទ និរដ្ឋបាលខេត្តក្រចេះ ពុទ្ធបរិស័ទ ទីជិតឆ្ងាយនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះបានរៀបចំពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងអគារសិក្សា ១ខ្នងចំនួន ៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតនៅក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របរី ខេត្តក្រចេះ ។
ពិធីបុណ្យផ្ការស្មីសាមគ្គីនេះប្រាព្ធធ្វើឡើងទៅតាមប្រពៃណី ដោយបាន ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត នៅទីស្តីការក្រសួងមុខងារសារធារណៈ ស្ថិតនៅផ្លូវវត្តអង្គតាមិញ ភូមិចំបក់ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រួមជាមួយ មន្រ្តីរាជការ ក្រោមឱវាទ និរដ្ឋបាលខេត្តក្រចេះ ពុទ្ធបរិស័ទ ទីជិតឆ្ងាយ និងរៀបចំពិធីដង្ហែរផ្កាប្រាក់ដែលជាកម្លាំងសទ្ធាពីគ្រប់ទឹសទី ដើម្បីយកទៅកសាងអគារសិក្សា១ខ្នងចំនួន៥បន្ទប់ នៅសាលាបឋមសិក្សាល្អ ស្ថិតនៅក្នុងភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របរី ខេត្តក្រចេះ៕




អត្ថបទ ង៉ាន់ ទិត្យ រូបភាព ងីម ឆៃហួត