សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេល៣០ឆ្នាំមកនេះ កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ: នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនកន្លងមករបស់រាជអាវុធហត្ថ ដែលបានរួមចំ ណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាបាននូវស្ថិរភាពនយោបាយ។

សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤
កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ព្រមទាំងមានវត្តមានរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ផងដែរ។ នេះបើតាមក្រសួងការពារជាតិ។

នាពិធីនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរពីស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងរាជអាវុធហត្ថបានកសាងនៅក្នុងរយៈពេល៣០ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវខឿនការពារជាតិ បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្តថា៖«កងរាជអាវុធហត្ថ ជាអង្គភាពគំរូមួយក្នុងកងយោធពលខេមរភូមិន្ទ អនុវត្តភារកិច្ចដែលប្រគល់ជូន ដូចជា ការកែទម្រង់ កសាងកម្លាំង អប់រំហ្វឹកហ្វឺននិងបណ្ដុះបណ្ដាល ការងារភស្តុភារនិងបច្ចេកទេស ការសាងសង់សំណង់ ជំរុំជម្រក ពិសេសការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន “បង្ការ បង្ក្រាប និងសង្គ្រោះ” និងការចូលរួមពង្រឹងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព»។

ក្រសួងការពារជាតិ បានឱ្យដឹងថា ដោយយោងតាមសំណូមពរភារកិច្ចក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងឈានទៅពង្រឹង ការអនុវត្តច្បាប់ ពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ នៅឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ ចុះថ្ងៃទី១៥ ខែមិថុនា ស្តីពីភារកិច្ច និងរចនាសម្ពន្ធទូទៅនៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រា បានពង្រីកវិសាលភាពតួនាទី ភារកិច្ច កងរាជអាវុធហត្ថបន្ថែម។
អនុក្រឹត្យលេខ២៥នេះ ត្រូវបានកែសម្រួលឡើងវិញ ដោយអនុក្រឹត្យលេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅ នៃកងរាជអាវុធហត្ថ ដែលមាន១៦មាត្រាដូចគ្នា ប៉ុន្តែមានការកែសម្រួលខ្លឹមសារមួយចំនួន។
បេសកកម្មរបស់កងរាជអាវុធហត្ថ មានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៧៧ អនក្រ ដូចតទៅ ទី១ រ៉ាប់រងសកម្មភាពខាងប៉ូលិសរដ្ឋបាល ក្នុងការរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ សង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយកងរាជអាវុធហត្ថរ៉ាប់រងឱ្យមានការគោរពច្បាប់ និងបទបញ្ជាទាំងឡាយ។ ២ រ៉ាប់រងសកម្មភាពខាងប៉ូលិសតុលាការ កងរាជអាវុធហត្ថ ជានគរបាលយុត្តិធម៌នៅពេលដែលទទួលបាននីតិសម្បទា តាមក្រមនីតិវិធីព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ ពិនិត្យបទល្មើសព្រហ្មទណ្ឌ ទទួលពាក្យបណ្តឹងស្វែងរកវត្ថុតាង ចាប់យកវត្ថុតាង និងអាចឃាត់ខ្លួនបុគ្គលដែល ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ជាធរមាន។ ៣ បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា ទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការប៉ូលិសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។ ចំណែកបេសកកម្មទី ៤ ផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំតាមសេចក្តីត្រូវការចាំបាច់។
គួរជម្រាបថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ និងការងារប្រតិបត្តិការតួនាទីភារកិច្ច៕

ដោយ: សុខ រក្សា

ads banner