ប្រធាន គ.ជ.ប ណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត
ភ្នំពេញៈ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់អង្គភាពជំនាញឱ្យយកចិត្តទុកដាក់ បណ្តុះបណ្តាលដល់មន្តី្រការិយាល័យបោះឆ្នោត អំពីគំនូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ ការណែនាំនេះ ក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើខ្លឹមសារវីដេអូស្តីពីនីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់បណ្តុះបណ្តាលមន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

ជាមួយគ្នានេះ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញតាមដានធ្វើរបាយការណ៍ និងរៀបចំកម្មវិធីឱ្យបានច្បាស់លាស់ សម្រាប់ការងារអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ ដែលរួមមាន អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិត្រូវបានអញ្ជើញដោយ គ.ជ.ប និងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ដែលអញ្ជើញមកតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣។

ទាក់ទងកិច្ចប្រជុំ អង្គប្រជុំ គ.ជ.ប បានពិនិត្យខ្លឹមសារវីដេអូដែលមានរយៈពេលមួយម៉ោង និងបានពិនិត្យ ឯកសារពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បន្ទាប់មកបានសម្រេចដូចខាងក្រោម៖
១. សម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលនូវសកម្មភាពសំដែងមួយចំនួនក្នុងវីដេអូ ឱ្យបានត្រឹមត្រូវតាមបទបញ្ជា និងនីតិវីធីនៃការបោះឆ្នោត ដើម្បីទាន់ពេលវេលាសម្រាប់ ការបណ្តុះបណ្តាលដល់មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
២. ឯកភាពលើឯកសារពាក់ព័ន្ធនឹងកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន៖
- សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការអញ្ជើញ និងទទួលអ្នកសង្កេតការណ៍ បោះឆ្នោតអន្តរជាតិ
- លិខិតបង្គាប់ការចាត់តាំងមន្រ្តី គ.ជ.ប ចូលរួមជាក្រុមសម្របសម្រួល (LO) ជូនអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងកម្មវិធីសង្កេតការណ៍បោះឆ្នោត
- កម្មវិធីសង្កេតការណ៍បោះឆ្នោត សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ៕ ដោយ:ពលជ័យ

