ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំដើម្បីបង្កើនប្រសិទ្ធភាពការងារកងកម្លាំង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដានេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការងារលើការពង្រឹងធនធានមនុស្សនៅតាមបណ្តាអង្គភាព ការិយាល័យជំនាញទាំង ៣៣ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរ។ កិច្ចប្រជុំនេះដឹកនាំដោយលោក យ៉ែម នៅ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងមានការចូលរួមពី មន្រ្តីការិយាជំនាញទាំង ៣ ចំណុះផែនការងារធនធានមនុស្សគឺ ការិយាល័យបុគ្គលិក ការិយាល័យផ្សព្វផ្សាយអប់រំ និងការិយាល័យបណ្តុះបណ្តាល ព្រមទាំងអធិការរងនគរបាលខណ្ឌទាំង១៤ ផងដែរ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសនោះ លោក យ៉ែម នៅ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងពង្រឹងវិស័យធនធានមនុស្សសម្រាប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេសលើការងារបុគ្គលិក ការងារបណ្តាបណុះបណ្តាល និងការងារផ្សព្វផ្សាយអប់រំ។
លោកបញ្ជាក់ថា៖«កិច្ចប្រជុំនេះ គឺមានសារៈសំខាន់លើការងារ គ្រប់គ្រងឯកសាររដ្ឋបាល ការរៀបចំតារាងបញ្ជី ការងារគ្រប់គ្រងកងកម្លាំងឱ្យបានល្អដូចជាបញ្ហាអវត្តមានរបស់កងកម្លាំង មានច្បាប់ឬអត់ច្បាប់ មានមុខធ្វើការងារ ឬអសកម្មការងាររបស់កងកម្លាំង។ ការបញ្ជូនទិន្នន័យគ្រប់គ្រងកងកម្លាំងឱ្យបានទាន់ពេលវេលា និងការពិនិត្យជាក់ស្តែង សម្រាប់មន្រ្តីដែលមានសមត្ថភាព សកម្មការងារនឹងត្រូវស្នើសុំថ្នាក់លើដំឡើងឋានន្តរសក្តិនិងតែងតាំងមុខតំណែង »៕

 ដោយ:សុខ រក្សា

ads banner