គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទីដប់បួន នៃការឃោសនាបោះឆ្នោត មានគណបក្សចំនួន១២ធ្វើសកម្មភាព
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានប្រកាសឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ ដែលជាថ្ងៃទីដប់បួននៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើ សកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនា រកសំឡេងឆ្នោត។
ទី១គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ – មណ្ឌលខេត្ត កណ្តាល និងមណ្ឌលខេត្តព្រៃវែង។ ទី២ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌល ខេត្តព្រះវិហារ មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង។ ទី៣ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ ទី៤គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត និងទី៥គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ឆ្នាំង។
ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស ឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅ ទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោត ដែលខ្លួនឈរឈ្មោះ។
គ.ជ.ប បញ្ជាក់ថា ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់បួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អនិ គ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដា ដោយមានគណបក្សនយោបាយចូលរួមចំនួន១៨ ៕
ដោយ:រ៉ាវុធ
