ក្នុងឆមាសទី១ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាង ២ ០០០ លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលប្រាំមួយខែឆ្នាំ២០២៣អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករបានប្រមាណ២ ០៧២ លានដុល្លារស្មើនឹង ៥៨ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារដែលបានដឹកនាំកិច្ចប្រជុំនោះបានបញ្ជាក់ថា ចំពោះស្ថានភាពនៃការប្រមូលពន្ធសរុបរយៈពេលប្រាំមួយខែឆ្នាំ២០២៣ បានចំនួន ២ ០៧២,៣៩ លានដុល្លារ ស្មើនឹង ៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ចំណែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែ មិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ២៤៥,៦៨ លានដុល្លារ ស្មើនឹង ៦,៨៨ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល បញ្ជាក់ថា៖«តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ប្រមាណ ៣ ៥៧១,៧០ លានដុល្លារ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ សម្រាប់ឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០ភាគរយ ហើយការប្រមូលចំណូលពន្ធដារត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់១០៥ភាគរយនៅឆ្នាំ២០២៣។ ប៉ុន្តែ ក៏មានការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១២,៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣ភាគរយ។ ចំណែក ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩,០៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ទន្ទឹមគ្នានេះការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce ) ដែលជាក់ស្ដែងក្នុងខែមិថុនា ឆ្នាំ២០២៣ ទទួលបាន ៦,៨០ លានដុល្លារ និងសម្រាប់
រយៈពេល ៦ខែ ឆ្នាំ២០២៣ ទទួលបានប្រមាណ ៣៩,៣ ១ លានដុល្លារ។
ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា កំណែទម្រង់និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ៕ ដោយ៖ សុខ រក្សា