លោក ប្រាយុទ្ធ ចាន់អូចា ត្រៀមខ្លួនរួចរាល់ ដើម្បីចាកចេញពីវិមានរដ្ឋាភិបាលថៃ

បាងកក៖ លោក ប្រាយុទ្ធ ចាន់អូចា បានចាប់ផ្តើមរៀបចំរបស់របររើចេញពីវិមានរដ្ឋាភិបាលហើយ ស្របពេលដែលរូបលោករង់ចាំប្រគល់ការងារកំពូលទៅឱ្យអ្នកស្នងតំណែងនាយករដ្ឋមន្រ្តីថ្មី។

នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក ប្រាយុទ្ធ ចាន់អូចា បានរៀបចំរបស់របរផ្ទាល់ខ្លួនភាគច្រើនរបស់គាត់ត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយមានតែរបស់របរចាំបាច់សម្រាប់ការងាររបស់គាត់ប៉ុណ្ណោះ ដែលត្រូវបានទុកនៅក្នុងការិយាល័យ។ ប្រភពមួយបានឱ្យដឹងក្នុងថ្ងៃសុក្រថា បុគ្គលិករបស់លោក ប្រាយុទ្ធ បានដាក់សៀវភៅរបស់គាត់នៅក្នុងប្រអប់ក្រដាសកាតុងធ្វើកេសចំនួន ៤ ឬ ៥ ដើម្បីដឹកជញ្ជូនត្រឡប់ទៅផ្ទះរបស់គាត់វិញ។

ហើយនៅក្នុងថ្ងៃសុក្រដដែល បុគ្គលិកនៃវិមានរដ្ឋាភិបាលដែលធ្វើការឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក អានូធិន ឆើនវីរ៉ាក់គុល ត្រូវបានគេប្រទះឃើញកំពុងរើរបស់របរផ្ទាល់ខ្លួន រួមទាំងសៀវភៅ និងគ្រឿងតុបតែងផ្សេងៗចេញពីការិយាល័យរបស់គាត់។ ចំណែកឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់ស៊ូវ៉ាន់ ក៏បានឱ្យបុគ្គលិករបស់គាត់រៀបចំឯកសារ សៀវភៅ និងរបស់របរផ្ទាល់ខ្លួនផ្សេងទៀតចាកចេញពីការិយាល័យរបស់គាត់នៅក្នុងវិមានរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសពីការសម្រេចចិត្តរបស់គាត់ ក្នុងការចាកចេញពីឆាកនយោបាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ហើយលោកក៏នឹងលាលែងពីតំណែងជាសមាជិកគណបក្ស United Thai Nation ដែលបានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីចំនួនពីររូប ដើម្បីប្រកួតប្រជែងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា។ ទោះបីជាយ៉ាងណា ស្ថិតក្រោមច្បាប់របស់ប្រទេសថៃ នាយករដ្ឋមន្ត្រីចាំផ្ទះនឹងបន្តកាន់តែតំណែង រហូតដល់អ្នកកាន់តំណែងថ្មីត្រៀមឡើងកាន់តំណែង ក្រោយពិធីស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner