រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍រយៈពេលបីថ្ងៃកំលុងពេលហែក្បួនឃោសនាបោះឆ្នោត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងកំលុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ និងស្នើសុំការយោគយល់ខ្ពស់ពីប្រជាពលរដ្ឋ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែកក្កដា បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះ មានគណបក្សចំនួនបីក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី១៥ ខែកក្កដា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមានរថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី១៦ ខែកក្កដា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងរៀបចំជួបជុំសមាជិក សមាជិកានៅទីស្នាក់ការកណ្ដាល គណបក្ស ស្ថិតនៅផ្ទះលេខ៣ ផ្លូវលេខ១០ បុរីម៉នដានីគម្រោង២២ ភូមិស្រែអំពិល សង្កាត់ស្ទើរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ ។ បន្ទាប់មកនៅវេលាម៉ោង ៨ព្រឹក ក្បួននឹងហែចេញពីទីស្នាក់ការកណ្តាលគណបក្សតាមផ្លូវវត្តភ្នៀតសិម្ពលី រួចបត់ ស្តាំចូលមហាវិថីឈ្នះឈ្នះហើយបន្តដំណើរមកបត់ឆ្វេងឆ្ពោះទៅភូមិព្រៃទា រួចធ្វើដំណើរឆ្ពោះទៅផ្លូវជាតិលេខ៤ បន្តដំណើរតាមមហាវិថីចោមចៅ រហូតដល់ស្តុបទួលពង្រ បត់ស្ដាំចូលផ្លូវទួលពង្រ ក្បួនឈប់សម្រាកថ្ងៃត្រង់នៅតំបន់ជិតផ្សារទួលពង្រ។
នៅវេលាម៉ោង ១៤:០០ ក្បួនដង្ហែ នឹងបន្តដំណើរឆ្ពោះទៅផ្លូវបុរីពិភពថ្មី (ចំការដូង) បត់ស្តាំដល់ផ្លូវទំនប់៧មករា រហូតដល់ផ្លូវ ទំនប់៧មករា បត់ស្តាំឡើងស្ពានព្រែកជ្រៃ បន្ទាប់មកឡើងតាមផ្លូវចំការដូង (ផ្លូវលេខ២១៧) រហូតដល់រង្វង់មូលកួរស្រូវបត់ស្តាំតាមផ្លូវលេខ១០៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ បត់ស្តាំតាម បណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ដល់ផ្លូវជាតិលេខ៣ បត់ស្តាំបន្តដំណើរតាមផ្លូវជាតិលេខ៣ ដល់ កែងផ្លូវភូមិកប់ភ្លុក បត់ឆ្វេងឆ្ពោះទៅផ្លូវលំភូមិកន្ទោកខាងជើងឆ្ពោះទៅផ្លូវជាតិលេខ៤ រួចបត់ ស្តាំតាមផ្លូវជាតិលេខ៤ និងបត់ឆ្វេងត្រឡប់ទៅតាមមហាវិថីឈ្នះឈ្នះ និងបត់ឆ្វេងចូលទីស្នាក់ការ កណ្ដាលគណបក្សតាមផ្លូវវត្តភ្នៀតសិម្ពលីវិញដើម្បីរំសាយ។
ចំណែកនៅថ្ងៃទី១៧ គណបក្សស្ត្រីដើម្បីស្រ្តី នឹងរៀបចំជួបជុំសមាជិក សមាជិកានៅចំណុចផ្នែកខាងត្បូងនៃទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ បន្ទាប់មកនៅវេលាម៉ោង ៧ព្រឹក ក្បួននឹងហែចេញពីទីលានប្រជាធិបតេយ្យ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតដល់មន្ទីរពេទ្យ បង្អែកសម្តេចឪ សម្តេចម៉ែ និងនៅតាមផ្លូវមួយចំនួននៅរង្វង់មូលកាំកូស៊ីធី។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ហើយដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។
សេចក្តីជូនដំណឹងបន្តថា៖«រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរជាធម្មតាវិញ»៕ ដោយ៖ សុខ រក្សា


