លោកស្រី សៃ៖ តៃវ៉ាន់នឹងបាញ់បង្ហោះផ្កាយរណបនៅខែកញ្ញាខាងមុខ
តៃប៉ិ៖ កោះតៃវ៉ាន់មានគម្រោងបាញ់បង្ហោះផ្កាយរណបអាកាសធាតុ ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកដំបូងទៅកាន់ទីអវកាសនៅក្នុងខែកញ្ញាខាងមុខនេះ។
ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បាននិយាយថា ផ្កាយរណបអាកាសធាតុមានឈ្មោះថា Triton ដែលត្រូវបានអភិវឌ្ឍក្នុងស្រុកដំបូង នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ ក្នុងការអភិវឌ្ឍឧស្សាហកម្មអវកាសរបស់ខ្លួន។

លោកស្រីបានសរសើរកម្មវិធីនេះថា ជាជំហានមួយដើម្បីនាំយកបច្ចេកវិទ្យារបស់កោះមួយនេះទៅកាន់ទីអវកាស។ លោកស្រី សៃ បានបញ្ជាក់ថា ៨០ភាគរយនៃធាតុផ្សំរបស់ផ្កាយរណប Triton ត្រូវបានបង្កើតឡើង និងផលិតនៅកោះតៃវ៉ាន់ ដែលវានឹងផ្ទុកប្រព័ន្ធផ្កាយរណបរុករកសកល។ លោកស្រីថា ផ្កាយរណបអាកាសធាតុ Triton នឹងត្រូវបញ្ជូនទៅកាន់ French Guiana ដែលជាទីតាំងដំណើរការបាញ់បង្ហោះវានៅខែកញ្ញាខាងមុខ។

សូមរម្លឹកផងដែរថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ កោះតៃវ៉ាន់មានកម្មវិធីផ្កាយរណបមួយហៅថា Formosat ហើយដោយសារតែមានភាពតានតឹងជាមួយប្រទេសចិននោះ បានផ្តល់កម្លាំងចិត្តបន្ថែមដល់រដ្ឋាភិបាលកោះនេះ ជាមួយនឹងផែនការប្រើប្រាស់ផ្កាយរណបក្នុងគន្លងផែនដីកម្រិតមធ្យម និងទាបសម្រាប់សេវាកម្មអ៊ីនធើណិត ក្នុងករណីដែលប្រទេសចិនវាយប្រហារ និងកាត់ផ្តាច់ខ្សែបណ្តាញផ្លូវសមុទ្រ ឬទម្រង់ផ្សេងៗទៀតនៃបណ្តាញទំនាក់ទំនង៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា