ទីភ្នាក់ងារជំនួយអាមេរិក យូសេដ ប្រកាសជ័យលាភីយុវជនមេត្រីបរិស្ថាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្លៃសត្វព្រៃ និងការទុកដាក់សំរាម
ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិកយូសេដ( USAID) បានប្រកាសពីជ័យលាភីសម្រាប់បេក្ខនារី និងបេក្ខជន ពីការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិត យុទ្ធនាការកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ និងបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីគាំទ្រដល់យុវជន ដែលជា «ជើងឯកបៃតង»។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ស្តីពីការប្រកាសជ័យលាភីយុវជនមេត្រីបរិស្ថាន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា យុទ្ធនាការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ដែលផ្តោតលើយុវជននិងបរិស្ថាននេះផ្តល់ខ្លឹមសារ និងសារសំខាន់ៗ តាមរយៈប្រព័ន្ធពហុផ្សព្វផ្សាយ ដើម្បីគាំទ្រដល់យុវជន ដែលជា «ជើងឯកបៃតង» ក៏ជាគំរូដើម្បីផ្លាស់ប្តូរឥរិយាបថ និងអនុវត្តឱ្យបានជោគជ័យនូវកិច្ចការពារធនធានធម្មជាតិនិងជីវៈចម្រុះ របស់កម្ពុជា។

លោកស្រី Kerry Pelzman នាយិកាបេសកកម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID បានមានប្រសាសន៍ថា ការទិញនិងហូបសាច់សត្វព្រៃ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិតរបស់ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសកម្ពុជា ក៏ដូចជាសុខភាពរបស់មនុស្សផងដែរ។ រីឯការទុកដាក់សំរាមមិនបានត្រឹមត្រូវ ប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស សត្វព្រៃ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច និងតម្លៃនៃធនធាន ។
លោកស្រី Kerry បានបញ្ជាក់ថា ៖« យើងសង្ឃឹមថា យុទ្ធនាការដែលដឹកនាំដោយ យុវជននេះ នឹងជំរុញប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន ឱ្យនិយាយថាទេ ចំពោះសាច់សត្វព្រៃ និងបញ្ឈប់ការចោលសំរាមមិនបានត្រឹមត្រូវ»។
បើតាមសរចក្តីប្រកាសព័ត៌មានដដែលនេះ ការប្រកួតប្រជែងរកស្នាដៃ និងគំនិតច្នៃប្រឌិតក្នុងយុទ្ធនាការទាំងពីរនេះ ដែលដំណើរការពីខែមេសា ឆ្នាំ២០២២ ដល់ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកទឹកចិត្ត បេក្ខនារី និងបេក្ខជន ឱ្យផលិត និងផ្សព្វផ្សាយសម្ភារដែលមានគំនិតច្នៃប្រឌិត និងទាក់ទាញ ក្នុងបំណងលើកកម្ពស់ការ យល់ដឹងអំពីតម្លៃសត្វព្រៃនិងផលប៉ះពាល់អវិជ្ជមាននៃការបាត់បង់សត្វព្រៃ និងផលប៉ះពាល់ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ដល់បរិ ស្ថាន សត្វព្រៃ និងមនុស្ស។

យុវតី កៅ ម៉េងហ័ង ម្ចាស់ជ័យលាភីលេខបី នៃយុទ្ធនាការ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ បានលើកឡើងថា៖« ក្នុងនាមជាយុវជនខ្ញុំគិតថា ការរួមចំណែកកាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃមានសារសំខាន់ណាស់ ព្រោះសត្វព្រៃបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថានយើង ប៉ុន្តែវាកំពុងតែងរងគ្រោះ។ ផ្តើមចេញពីខ្លួនយើង គ្រួសារយើង ដើម្បីការពារសត្វព្រៃ និងតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា»។
យុវជន ឌុច ច័ន្ទសុវិជ្ជា ម្ចាស់ជ័យលាភីលេខមួយ នៃយុទ្ធនាការ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ បានលើកឡើងថា «ការគ្រប់គ្រងកាក សំណល់ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងបង្ហាញថា អ្នកជាមនុស្សបែបណាផងដែរ។ សូមចូលរួមទាំងអស់គ្នា ទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ នាពេលបច្ចុប្បន្ន ដើម្បីប្រយោជន៍អនាគតនៃផែនដីយើង»។
ពិធីប្រកាសជ័យលាភីថ្ងៃនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់ស្ថានទូតអាមេរិក និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព និងសកម្មភាពជាវិជ្ជមានពីសាធារណជន ក្នុងការអភិរក្សកេរ្ដិ៍ដំណែលធម្មជាតិ ដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាកូនចៅជំនាន់ក្រោយៗទៀត៕ ដោយ៖ វណ្ណ សុជាតា