របបយោធាមីយ៉ាន់ម៉ាពិចារណាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន និងពន្យារពេលបោះឆ្នោត

ណៃពិដោ៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ាបានអះអាងថា យោធាអាចនឹងពិចារណាបន្តអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែមទៀត និងពន្យារពេលការបោះឆ្នោតដែលធ្លាប់បានសន្យា ស្ថិតក្នុងគោលបំណងខិតខំព្យាយាមបញ្ចប់ភាពចលាចលទូទាំងប្រទេស។

រដ្ឋបាលរបស់ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីនអោង ឡាំង បានពន្យារពេលដាក់រដ្ឋក្នុងគ្រាអាសន្ន ដែលខ្លួនបានដាក់កំឡុងរដ្ឋប្រហារជាច្រើនលើករួចមកហើយ ដោយសារស្ថានភាពចលាចលនៅតែបន្តទូទាំងប្រទេស។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដានេះ លោក មីនអោង ឡាំង បានប្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ថា ព្រឹត្តិការណ៍នៃអំពើភេរវកម្មបានធ្លាក់ចុះ ប៉ុន្តែនៅតែបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយយោងទៅលើការវាយប្រហារដែលកំពុងបន្តដោយកងកម្លាំងប្រឆាំងរដ្ឋប្រហារ។

ប្រមុខរបបយោធាមីយ៉ាន់ម៉ារូបនេះបន្តថា តម្រូវការជាច្រើនអាចត្រូវបានគេមើលឃើញ ដើម្បីរក្សាសន្តិសុខ សន្តិភាព និងស្ថិរភាព និងនីតិរដ្ឋឱ្យបានពេញលេញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់យោធា នៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំ។ លោក មីនអោង ឡាំង បន្ថែមថា មនុស្សជាង ៧៨២នាក់ត្រូវបានសម្លាប់ដោយសារអំពើភេរវកម្មរាប់រយករណី ចាប់តាំងពីដើមឆ្នាំមក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

រដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលត្រូវបានព្រាងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដែលរបបយោធាបាននិយាយថា នៅតែចូលជាធរមាន តម្រូវឱ្យអាជ្ញាធររៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល ៦ខែ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានដកចេញ។ របបយោធាក៏បានសន្យាដែរថា នឹងរៀបចំការបោះឆ្នោតថ្មីនៅក្នុងខែសីហា ឆ្នាំ២០២៣នេះ ប៉ុន្តែនៅក្នុងខែកុម្ភៈ ខ្លួនបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្នម្តងទៀត មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់ខ្លួនបាននិយាយថា ស្ថានភាពនៅក្នុងប្រទេសមិនទាន់វិលទៅរកភាពប្រក្រតីវិញទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner