ភ្លើងឆេះព្រៃនៅអេស្ប៉ាញ លេបត្របាក់ផ្ទៃដីអស់ ៤,៥០០ហិកតា និងបង្ខំឱ្យជម្លៀសប្រជាជនជាង ២,៥០០នាក់
ម៉ាឌ្រីដ៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅលើកោះ ឡា ប៉ាលម៉ា នៃប្រជុំកោះ កាណារី របស់ប្រទេសអេស្ប៉ាញ បានដុតបំផ្លាញផ្ទៃដីអស់ជាង ៤,៥០០ហិកតា និងបង្ខំឱ្យជម្លៀសមនុស្សប្រមាណ ២,៥០០នាក់។
អាជ្ញាធរអេស្ប៉ាញបានរាយការណ៍ថា ភ្លើងបានឆាបឆេះនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) នៅឯក្រុង Puntagorda នៃកោះ ឡា ប៉ាលម៉ា ហើយបានរីករាលដាលរហូតដល់បំផ្លាញផ្ទៃដីអស់ ៤,៥០០ហិកតា និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនប្រមាណជាង ២,៥០០នាក់។ ភ្លាមៗ ក្រុមអ្នកពន្លត់អគ្គិភ័យមកពីប្រជុំកោះ កាណារី និងរថយន្តរបស់អង្គភាពយោធាសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កោះ ឡា ប៉ាលម៉ា ដើម្បីជួយពន្លត់ភ្លើង។
ដោយឡែកកងទ័ពជើងគោកប្រហែល ៣០០នាក់ និងយន្តហោះពន្លត់អគ្គិភ័យសរុប ១០គ្រឿងក៏បាននិងកំពុងចូលរួមក្នុងប្រតិបត្តិការបង្ក្រាបភ្លើងឆេះព្រៃផងដែរ។
យោងតាមទិន្នន័យពីប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃអឺរ៉ុប (EFFIS) បានឱ្យដឹងថា ប្រទេសអេស្ប៉ាញបានទទួលរងភ្លើងឆេះព្រៃជិត ៥០០លើក ក្នុងឆ្នាំ ២០២២ ដែលបានបំផ្លាញផ្ទៃដីអស់ជាង ៣០០,០០០ហិកតា ដែលនេះជាតួលេខដ៏អាក្រក់បំផុតនៅទ្វីបអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា