កូនជ្រូកសន្សំលុយ នៅតែពេញនិយមសម្រាប់ប្រជាជនខ្មែរ

(ភ្នំពេញ)៖ កូនជ្រូកសន្សំលុយ គឺជារបស់សម្រាប់ទុកសន្សំប្រាក់សម្រាប់ពលរដ្ឋខ្មែរយើង តាំងតែពីដូនតាមក ហើយបើទោះបីបច្ចុប្បន្នមានធនាគារ មីក្រូហិរញ្ញវត្ថុ គណីបញ្ញើ សេវាសន្សំប្រាក់ គណនីសន្សំ និងអ្វីៗផ្សេងៗជាច្រើនទៀតបើកព្រោងព្រាតក្តី តែកូនជ្រូកសន្សំប្រាក់នៅតែពេញនិយម ក្នុងស្រទាប់ពលរដ្ឋខ្មែរ ។ ពលរដ្ឋខ្មែរ មួយចំនួននៅតែមានភាពកក់ក្តៅជាមួយនឹងការទុកប្រាក់កាសជាប់ខ្លួន ជាជាងការផ្ញើទុកនៅធនាគារ ការមានប្រាក់ក្នុងគណនី ឬម៉ាស៊ីនដកប្រាក់ដូចបច្ចុប្បន្ន ។

គួរបញ្ជាក់ថា បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ៦A ត្រង់ក្បែរ ស្ពាន ជ្រោយចង្វា ស្ថិតនៅ ភូមិគៀនឃ្លាំង គេនឹងបានឃើញអ្នកផលិត និងអ្នកលក់កូនជ្រូក សន្សំលុយ បែបសម័យថ្មីដាក់លក់ច្រើនកន្លែងដែលមើលទៅគួរជាទីស្រឡាញ់ និង គួរជាទីចាប់ចិត្ត ។

អ្នកស្រី ឆុត នី ម្ចាស់សិប្បកម្ម ស្រី លៀប ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រី ចាប់ផ្តើមបង្កើតរបរនេះ រយៈពេលជាង ២០ឆ្នាំហើយ និងមានផលិតកូនជ្រូកសន្សំលុយប្រមាណជិត ២០ប្រភេទ ។ កន្លែងអ្នកស្រីបានចាប់ផ្តើមធ្វើមុនគេ និងបច្ចុុប្បន្នអ្នកដែលធ្លាប់ស៊ីឈ្នួលអ្នកស្រី មួយចំនួនក៏បានចេញទៅផលិតកូនជ្រូកដាក់លក់ដូចអ្នកស្រីជាបន្តបន្ទាប់ដែរ។

ដោយឡែក អ្នកស្រី ជា ទេពមករា ដែលជា បុគ្គលិកជំនាញ ធ្វើកូនជ្រូក សន្សំលុយនៅសិប្បកម្ម ស្រី លៀប បានឱ្យដឹងដែរថា ការធ្វើកូនជ្រូកសន្សំលុយកាលពីមុនគេទិញដីឥដ្ឋ មកធ្វើតែដោយសារពិបាករកដីមកធ្វើ និង ផ្គួបផ្សំដីឡើងថ្លៃ និងពិសេសការធ្វើពីដីមានបញ្ហាប៉ះពាល់ដល់លុយខ្លះៗ ទើបបច្ចុប្បន្នគេបានងាកមកប្រើម្សៅម្នាងសិលាជំនួសវិញ ពីព្រោះថាក្រៅពីងាយធ្វើហើយនៅមានគុណភាពល្អដាក់លុយប្រភេទអ្វីក៏មិនបង្កប៉ះពាល់ដែរពិសេសប្រាក់ដុល្លារតែម្តង ។ ម្នាងសិលា ងាយធ្វើជាងដីឥដ្ឋ ដោយមិនចាំបាច់ហាលថ្ងៃច្រើន ឬដុតចម្អិន។ ក្នុងមួយថ្ងៃ អ្នកស្រីអាចធ្វើបានជិត ១០០ ក្នុងនេះរួមទាំងការបាញ់ថ្នាំ និង លាបពណ៌រំលេចការចាប់អារម្មណ៍ដល់អតិថិជនផង ។

ស្រ្តីវ័យ ៤៣ឆ្នាំដែលធ្វើកូនជ្រូកសន្សំលុយជិត ១០ឆ្នាំមកនេះបានឱ្យដឹងដែរថា កូនជ្រូកសន្សំប្រាក់មានតម្លៃចាប់ពី ២៥០០រហូតដល់ជិត ១០ម៉ឺនរៀល ។

ដោយឡែក លោក ស្រ៊ី សារិត ជាអតិថិជនមកទិញកូនជ្រូកទៅលក់បន្តនៅ សង្កាត់ ចោមចៅស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា៖ លោកបានមកទិញកូនជ្រូកនៅតំបន់សង្កាត់ជ្រោយចង្វានេះដើម្បីយកទៅលក់បន្ត ។ បច្ចុប្បន្នពលរដ្ឋទិញកូនជ្រូកសន្សំលុយមិនត្រឹមតែទិញសម្រាប់ដាក់ប្រាក់សន្សំទេតែនៅទិញសម្រាប់តាំងលម្អផ្អះសម្បែងទៀតផងដោយសារតែវាមានរូបស្អាតៗនិងប្លែកៗគួរឱ្យស្រឡាញ់។

គួរបញ្ជាក់ថា កូនជ្រូកសន្សំប្រាក់មានច្រើនបែប ច្រើនប្រភេទដែលក្នុងនេះមានដូចជា រូបជ្រូក ទន្សាយ គោ កណ្តុរ ខ្លាឃ្មុំ និងរូបផ្សេងៗជាច្រើនទៀត។ កូនជ្រូកសន្សំលុយ គឺលក់ដាច់ ទាំងតូច និងធំ ។ក្រៅពីនេះមិនថានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទេ សូម្បីតែទីជនបទដាច់ស្រយ៉ាលគេក៏ឃើញមានការដាក់លក់កូនជ្រូកសន្សំប្រាក់នេះដែរ ដែលចាត់ទុកថា មានទីផ្សារល្អស្ទើរគ្រប់ទីកន្លែង ៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner