សមាជិកសភាសិង្ហបុរីពីររូបលាលែងពីតំណែងជុំវិញ «ទំនាក់ទំនងមិនសមរម្យ»
សិង្ហបុរី៖នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បាននិយាយនៅថ្ងៃចន្ទនេះថា សមាជិកសភាជាន់ខ្ពស់ពីររូបមកពីគណបក្សកាន់អំណាចរបស់ប្រទេសបានលាលែងពីតំណែងដោយសារតែទំនាក់ទំនងស្នេហាមិនសមរម្យរវាងអ្នកទាំងពីរ ក្នុងរឿងអាស្រូវដ៏កក្រើករបស់រដ្ឋមួយនេះ។
លោក លី បានថ្លែងយ៉ាងដូច្នេះថា ៖ «ការលាលែងពីតំណែងរបស់ប្រធានសភាលោក Tan Chuan-Jin និងសមាជិកសភាលោកស្រី Cheng Li Hui គឺចាំបាច់ ដើម្បីលើកកម្ពស់ស្តង់ដារនៃគណបក្សសកម្មភាពប្រជាជន (PAP) របស់លោក»។ នេះបើតាមការស្រង់សម្ដីរបស់ភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការលាលែងពីតំណែងរបស់សមាជិកជាន់ខ្ពស់របស់បក្ស PAP កម្រកើតមានណាស់នៅសិង្ហបុរី ដែលគណបក្សនេះបានកាន់អំណាចតាំងពីឆ្នាំ ១៩៥៩ មក ពោលគឺមុនពេលដែលប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ ទៅទៀត។
លោក លី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាកប្បកិរិយាផ្ទាល់ខ្លួនរបស់លោក Tan ដែលមានវ័យ ៥៤ ឆ្នាំ និងមានប្រពន្ធ ហើយនិងកូនពីររួចហើយនោះ គឺជាការគួរឱ្យខកចិត្តណាស់។ លោក លី បន្តថា លោក Tan យល់ពីបំណងនៃការដកខ្លួនចេញពីនយោបាយ និងការប៉ះបូវគ្រួសាររបស់លោកវិញ។
ចំណែកឯលោកស្រី Cheng មានវ័យ ៤៧ ឆ្នាំ និងនៅលីវ ដែលកាន់តំណែងសមាជិកសភាចាប់តាំងពីឆ្នាំ ២០១៥ មកនោះ មិនបានធ្វើការអត្ថាធិប្បាយយ៉ាងណានោះទេ។
បើតាមការស្រង់សម្ដីរបស់សារព័ត៌មាន CNA លោក លី បាននិយាយថា លោកបាននិយាយគ្នាជាមួយលោក Tan រួចហើយ ដែលចុងក្រោយបំផុតនៅខែកុម្ភៈឱ្យអ្នកទាំងពីរផ្ដាច់ទំនាក់ទំនងសាហាយស្មន់របស់ខ្លួន ប៉ុន្តែទំនាក់ទំនងនេះនៅតែបន្ត។
គួរកត់សម្គាល់ថា រឿងអាស្រូវនយោបាយដ៏កក្រើកចុងក្រោយ កើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតលើអំពើពុករលួយកម្រិតខ្ពស់ទៅលើរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក S Iswaran និងឧកញ៉ា Ong Beng Seng ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។
ដោយឡែកពីគ្នានេះ គណបក្សកម្មករ (WP) ដែលជាបក្សប្រឆាំង បាននិយាយនៅថ្ងៃចន្ទដូចគ្នានេះថា ខ្លួនកំពុងសម្លឹងមើលទៅលើទំនាក់ទំនងមិនសមរម្យរវាងសមាជិកជាន់ខ្ពស់២រូប បន្ទាប់ពីវីដេអូមួយបានបែកធ្លាយនៅលើអ៊ីនធឺណិត ដែលបង្ហាញថាពួកគេកាន់ដៃគ្នានៅក្នុងភោជនីយដ្ឋានមួយកន្លែង។
កន្លងមក ទាំងគណបក្ស PAP និងគណបក្ស WP សុទ្ធតែធ្លាប់បានបណ្តេញសមាជិករបស់ខ្លួនចេញពីតំណែង ចំពោះទំនាក់ទំនងសាហាយស្មន់។ គេមើលឃើញថា ព្រឹត្តិការណ៍ក្នុងនយោបាយបែបនេះគឺជារឿងកម្រនៅសិង្ហបុរី ដែលល្បីខាងគ្មានអំពើពុករលួយ និងមានអ្នកនយោបាយ ដែលប្រកបដោយស្តង់ដារសីលធម៌ខ្ពស់៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ In rare political drama, Singapore lawmakers quit over “inappropriate relationship”