នាយករដ្ឋមន្ត្រីនូវែលសេឡង់ថា តំបន់ប៉ាស៊ីហ្វិកមានការប្រកួតប្រជែងឥទ្ធិពលកាន់តែខ្លាំង តាមរយៈវត្ត មានចិន
នូវែលសេឡង់៖ ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលធុរកិច្ចចិននៅទីក្រុងអូកឡិន នូវែលសេឡង់ នាថ្ងៃទី១៧ ខែកក្កដានេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយថា តំបន់ប៉ាស៊ីហ្វិកកាន់តែមានការប្រកួតប្រជែងឥទ្ធិពលខ្លាំងឡើងៗ និងមិនសូវមានសុវត្ថិភាពប៉ុន្មានទេ តាមរយៈវត្តមានប្រទេសចិនកាន់តែច្បាស់ឡើងៗ។ទោះយ៉ាងណានាយករដ្ឋមន្ត្រីនូវែលសេឡង់បញ្ជាក់ថា ប្រទេសទាំងពីរត្រូវធ្វើការដូចដៃគូចិត្តមួយថ្លើមមួយ និងនៅតែរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
លោក Chris Hipkins បាននិយាយថា ការរះត្រដែតឡើងនូវវត្តមានរបស់ប្រទេសចិន និងរបៀបប្រទេសមួយនេះស្វែងរកឥទ្ធិពលក្នុងតំបន់ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់ការបង្កើនការប្រកួតប្រជែង យុទ្ធសាស្រ្ត ជាពិសេសនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
លោកបានបញ្ជាក់ថា ៖ «តំបន់របស់យើងមានការប្រកួតប្រជែងឥទ្ធិពលកាន់តែខ្លាំងឡើងៗ ពិបាកក្នុងការព្យាករ និងមិនសូវមានសុវត្ថិភាព ហើយវាអាចបង្កបញ្ហាប្រឈមសម្រាប់ប្រទេសតូចដូចជានូវែលសេឡង់ ដែលពឹងផ្អែកលើស្ថិរភាព និងច្បាប់អន្តរជាតិ ដើម្បីភាពរុងរឿង និងសន្តិសុខជាតិ»។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងបរិយាកាសដ៏ស្មុគស្មាញនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែគ្រប់គ្រងដោយប្រុងប្រយ័ត្នបំផុត និងថាប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ខ្លួន។
គួរជម្រាបថា ចិនបានបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នៅប៉ាស៊ីហ្វិកខាងត្បូង តាមរយៈការបញ្ចុះបញ្ចូលឲ្យក្រុមប្រទេសដែនកោះ ពិសេសកោះសាឡូម៉ុង ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសន្តិសុខជាមួយខ្លួន។
កិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសចិន និងកោះសាឡូម៉ុង ដែលអនុញ្ញាតឱ្យចិនបញ្ជូនកងទ័ព និងនាវាចម្បាំងទៅចតនៅប្រទេសកោះសាឡូម៉ុង បានធ្វើឱ្យអាមេរិក និងប្រទេសមួយចំនួននៅមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេស អូស្ត្រាលី ហាក់មិនស្រណុកចិត្តឡើយ។
ដោយឡែកសម្រាប់ នូវែលសេឡង់ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ខ្លួន ហើយក្នុងចំណោមប្រទេសសម្ពន្ធភាព Five Eyes ដែលមានសមាជិកដូចជាអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ និងអូស្ត្រាលី។ នូវែលសេឡង់ គឺជាប្រទេសមួយដែលហាក់ប្រកាន់ជំហរទន់ភ្លន់ជាងគេក្នុងទំនាក់ទំនងជាមួយចិន។
ថ្លែងក្នុងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលធុរកិច្ចចិនក្នុងទីក្រុងអូកឡិន នេះដែរលោក Wang Xiaolong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនូវែលសេឡង់បាននិយាយ ទំនាក់ទំនង ចិន និងនូវែលសេឡង់មានសុខភាពល្អ ស្ថិរភាព និងភាពរីកចម្រើន។
លោក Wang Xiaolong បន្តថា វាមិនមែនជារឿងចម្លែកទេដែលប្រទេសពីរមានភាពខុសគ្នាខ្លះ ភាពខុសគ្នាគឺធ្វើស្របទៅតាមកាលៈទេសៈរបស់ប្រទេសរៀងៗខ្លួន។ ប្រទេសពីរដែលមានប្រព័ន្ធសង្គមខុសគ្នា និងកម្រិតនៃការអភិវឌ្ឍផ្សេងគ្នាមិនអាចដូចគ្នាបាននោះទេ៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ New Zealand prime minister says Pacific region less secure due to China’s assertiveness