តើអាកាសធាតុក្នុងសប្តាហ៍ដែលមានការបោះឆ្នោតនឹងប្រឈមគ្រោះធម្មជាតិអ្វីខ្លះ? (Video Inside)

អាកាសធាតុក្នុងប្រទេសកម្ពុជានាសប្តាហ៍ដែលកំពុងត្រៀមបោះឆ្នោតសកលនេះ ត្រូវគេរាយការណ៍ថានឹងទទួលឥទ្ធិពលនាសម្ពាធទាបសកម្មកើតឡើងនាសមុទ្ទភាគខាងជើងប្រទេសហ្វីលីពីនដែលនឹងវិវត្តក្លាយជាព្យុះទី៤។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, ព្យុះនេះបានធ្វើដំណើរចូលតាំងពីថ្ងៃទី១៥កក្កដា មកក្នុងសមុទ្រចិនខាងត្បូង ហើយបន្តដំណើរឆ្ពោះទៅខាងជើង នៃប្រទេសវៀតណាមនៅថ្ងៃទី១៩ ខែកក្កដា។

យោងតាមការព្យាករណ៍, ព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប ដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម។ នៅតំបន់ខ្ពង់រាប ដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ចំណែកនៅ តំបន់មាត់សមុទ្រ ដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង រវាងពីថ្ងៃទី១៦រហូតដល់ថ្ងៃ២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗផងដែរ។

ក្រសួងធនធានទឹក និងឧតុនិយម បានដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុនេះ។

ads banner