ជំនន់ទឹកភ្លៀងបង្កក្តីបារម្ភការរំខានការបោះឆ្នោតនាចុងសប្តាហ៍នេះ (Video Inside)

ជំនន់ទឹកភ្លៀង កំពុងត្រូវគេបារម្ភថានឹងអាចក្លាយជាឧបសគ្គខ្លះ ដល់ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា ដោយសារតែសេចក្តីរាយការណ៍តាមតំបន់ខ្លះ បង្ហាញថ្នល់ធ្វើដំណើរបានលិច និងភូមិករខ្លះទៀតបានលិចមិនទាន់ស្រក។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់មានការចេញសេចក្តីប្រកាសណាមួយពាក់ព័ន្ធនឹងឧបសគ្គជំនន់ទឹកភ្លៀង ដែលនឹងបង្កការលំបាកដល់ពលរដ្ឋត្រូវធ្វើដំណើរដើម្បីបោះឆ្នោតឡើយ។ ប៉ុន្តែនៅជាមួយគ្នានោះ ខេត្តភាគឥសានប្រទេស មានសេចក្តីរាយការណ៍អំពីជំនន់ទឹកភ្លៀង បានវាយលុកក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកលនេះ។

លោក ឌឹម សុវណ្ណារ៉ុម សមាជិក និងជាអ្នកនាំពាក្យគជប បានថ្លែងប្រាប់អប្សរាណិតនៅថ្ងៃនេះថា បើសិនជាមានការលិចការិយាល័យបោះឆ្នោត គេនឹងរើការិយាល័យនោះទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបានថ្លែងរំពឹងថា ក្នុងរដូវវស្សានេះ ការិយាល័យដែលរងនឹងការលិច ទំនងនឹងមិនអាចចៀសផុតបានទេ ប៉ុន្តែគជប បានត្រៀមលក្ខណៈទុកជាមុនបើសិនជាមានហេតុការណ៍នេះ កើតឡើងមែន ជាមួយការដោះស្រាយតាមករណីនីមួយៗ។

លោកបានថ្លែងបន្តថា គិតមកទល់នឹងថ្ងៃទី១៧កក្កដានេះ គេនៅមិនទាន់អាចវាយតម្លៃករណីប៉ះពាល់ដោយសារករណីទឹកជំនន់បានទេ ដោយសារតែសម្ភារៈការិយាល័យបោះឆ្នោតនឹងត្រូវដឹកជញ្ជូនទៅកាន់ការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស នៅ៣៦ម៉ោងមុនការបោះឆ្នោត។

លោកបានថ្លែងនូវគម្រោងបង្កានានាដោយបញ្ជាក់ថា បើសិនជាមានករណីលិចនៅមណ្ឌលគិរី គេនឹងអាចប្រើប្រាស់មធ្យោបាយដំរីដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោត, បើលិចនៅក្រចេះ គេនឹងប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូន, ចំណែកនៅកន្លែងផ្សេងទៀតគេនឹងអាចប្រើប្រាស់កម្លាំងថ្មើរជើង ដើម្បីការដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅកាន់ទីនោះ, រីឯកន្លែងខ្លះទៀត នឹងត្រូវដឹកជញ្ជូនតាមម៉ូតូ និងកន្លែងមួយចំនួនទៀត នឹងត្រូវដឹកជញ្ជូនតាមទូក ដូចជាករណីនៅផាត់សណ្តាយ ក្នុងខេត្តកំពង់ធំជាដើម។

អប្សរាណិតបានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានតាមខេត្តគឺលោក រៀម សុខហេង ដែលប្រចាំនៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃនេះ ខណៈដែលជំនន់ទឹកភ្លៀងនៅទីនោះ បានផ្តាច់ផ្លូវធ្វើដំណើរនិងផ្លូវនោះសោតទៀត គឺជាផ្លូវដែលពលរដ្ឋត្រូវធ្វើដំណើរទៅបោះឆ្នោត។ ផ្លូវដែលបានលិចនោះ គឺជាផ្លូវ១ខ្សែ ស្ថិតក្នុងចំនុចភូមិពូហ៊ូង, ឃុំចុងផ្លាស់, ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះជាសំណួរ និងចម្លើយរវាងកញ្ញា គង់ កូម៉ែន ជាមួយនឹងលោក សុខ ហេង តាមប្រព័ន្ធវីដេអូ។

ads banner