ប្រធានាធិបតីកូរ៉េខាងត្បូងសន្យាស្តារការខូចខាតឡើងវិញ បន្ទាប់ពីទឹកជំនន់
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងត្បូងបានប្តេជ្ញាស្តារការខូចខាតឡើងវិញ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុ ក្រោយមនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់ ដោយសារទឹកជំនន់ និងការរអិលបាក់ ក្នុងអំឡុងភ្លៀងមូសុង។
នៅក្នុងកិច្ចប្រជុំឆ្លើយតបបន្ទាន់មួយ ក្នុងថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថា ព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិបង្កឡើងពីអាកាសធាតុអាក្រក់ នឹងក្លាយទៅជារឿងធម្មតា ដូច្នេះយើងត្រូវត្រៀមខ្លួនទទួលយកបញ្ហាកើតឡើងពីការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតឡើង ហើយព្យាយាមដោះស្រាយវិបត្តិមួយនេះ។
លោក យូន បានគូសបញ្ជាក់ថា កូរ៉េខាងត្បូងនឹងប្រមែប្រមូលធនធានដែលមានទាំងអស់ រួមទាំងយោធា និងប៉ូលីស ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោក យូន បន្ថែមថា រដូវវស្សាមិនទាន់ចប់ទេ ហើយការព្យាករឥឡូវនេះនឹងមានភ្លៀងធ្លាក់ខ្លាំងទៀតនៅថ្ងៃស្អែក។ រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃពុធសប្តាហ៍នេះ ហើយបានជំរុញសាធារណជនឱ្យជៀសវាងការចេញទៅខាងក្រៅផ្ទះ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងតែងតែរងគ្រោះទឹកជំនន់ ក្នុងអំឡុងពេលរដូវមូសុងរដូវក្តៅ ប៉ុន្តែជាធម្មតាប្រទេសនេះបានរៀបចំយ៉ាងល្អដើម្បីទប់ទល់ ហើយចំនួនអ្នកស្លាប់ជាធម្មតាមានកម្រិតទាប។ ប៉ុន្តែទឹកជំនន់កាលពីឆ្នាំ ២០២២ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាអាកាសធាតុទីក្រុងសេអ៊ូលបានចាប់ផ្តើមកាលពី ១១៥ឆ្នាំមុន កូរ៉េខាងត្បូងបានបន្ទោសលើបញ្ហាប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា