លោក Musk ៖ Twitter បាត់បង់ចំណូលពាណិជ្ជកម្មស្ទើរពាក់កណ្តាល
ញូវយ៉ក៖ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា Twitter បានបាត់បង់ប្រាក់ចំណូលលើការផ្សាយពាណិជ្ជកម្មរបស់ខ្លួនស្ទើរតែពាក់កណ្តាល ចាប់តាំងពីរូបលោកបានទិញក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែតុលាឆ្នាំមុន។
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk កាលពីចុងសប្តាហ៍មុន បានបង្ហោះសារនៅលើ Twitter យ៉ាងដូច្នេះថា យើងនៅតែមានលំហូរសាច់ប្រាក់អវិជ្ជមាន នោះគឺការធ្លាក់ចុះ ៥០ភាគរយ នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម បូករួមនឹងបន្ទុកបំណុលធ្ងន់ធ្ងរ។ លោក Musk បានគូសបញ្ជាក់ថា រឿងចាំបាច់ត្រូវតែឈានដល់លំហូរសាច់ប្រាក់ជាវិជ្ជមាន មុនពេលដែលយើងធ្វើឱ្យមានប្រណីតភាពទៅលើអ្វីផ្សេងៗទៀត ប៉ុន្តែលោកមិនបានបញ្ជាក់លំអិតបន្ថែមនោះទេ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Insider Intelligence បានឱ្យដឹងថា Twitter បានកំណត់គោលដៅស្រូបទាញប្រាក់ចំណូលយ៉ាងតិច ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ តួលេខនេះបានធ្លាក់ចុះមួយភាគបី បើធៀបនឹងឆ្នាំ ២០២២ ដែលមានរហូតដល់ ៥.១ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា