WHO ព្រួយបារម្ភពីករណីឆ្លងជំងឺផ្តាសាយបក្សីក្នុងខ្លួនសត្វឆ្មា ដែលកំពុងកើនឡើងនៅប៉ូឡូញ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ប៉ូឡូញបានក្លាយជាប្រទេសដំបូងគេ ដែលរាយការណ៍ពីសត្វឆ្មាឆ្លងជំងឺផ្តាសាយបក្សីនៅទូទាំងតំបន់ជាច្រើន ប៉ុន្តែថា ហានិភ័យឆ្លងពីសត្វទៅមនុស្សមានកម្រិតទាបប៉ុណ្ណោះ។

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កាលពីចុងខែមុន អាជ្ញាធរសុខាភិបាលប៉ូឡូញបានជូនដំណឹងដល់មន្រ្តីទីភ្នាក់ងារសុខាភិបាល អំពីករណីសត្វឆ្មាងាប់ជាង ៤៥ក្បាលមិនធម្មតា នៅក្នុងតំបន់ភូមិសាស្ត្រចំនួន ១៣ ទូទាំងប្រទេស។ ការធ្វើតេស្តកាលពីសប្តាហ៍មុនបានរកឃើញថា ក្នុងចំណោមសត្វឆ្មាទាំងនោះ មាន ២៩ក្បាលវិជ្ជមានជំងឺផ្តាសាយបក្សី H5N1។

គិតត្រឹមខែមិថុនា វីរុសបម្លែងខ្លួនថ្មីបំផុតនៃមេរោគផ្តាសាយបក្សី H5N1 ត្រូវបានរាយការណ៍នៅក្នុងខ្លួនសត្វបក្សី និងប្រភេទសត្វដទៃទៀតនៅអាស៊ី, អាហ្វ្រិក, អឺរ៉ុប និងអាមេរិក។

WHO បាននិយាយថា ខ្លួននៅមិនច្បាស់ទេ ថាតើសត្វឆ្មាក្នុងស្រុកនៅប្រទេសប៉ូឡូញ ឆ្លងជំងឺផ្តាសាយបក្សីដោយរបៀបណា ហើយថា ក្រុមមន្ត្រីនៅតែកំពុងស៊ើបអង្កេតប្រភពដែលអាចកើតមាននៃការប៉ះពាល់ រួមទាំងការទាក់ទងជាមួយសត្វស្លាបព្រៃ ដែលត្រូវបានគេស្គាល់ថា ជាមេរោគ H5N1។ ទីភ្នាក់ងារនេះបន្ថែមថា ហានិភ័យដែលពលរដ្ឋប៉ូឡូញអាចឆ្លងជំងឺផ្តាសាយបក្សី គឺ “ទាប” ហើយពី “ទាបទៅមធ្យម” សម្រាប់មនុស្សដែលប៉ះពាល់នឹងសត្វឆ្មា រួមទាំងម្ចាស់ឆ្មា និងពេទ្យសត្វផងដែរ។

ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្របានព្រួយបារម្ភថា ការកើនឡើងករណីឆ្លងជំងឺផ្តាសាយបក្សី H5N1 ជាពិសេសលើសត្វដែលមានទំនាក់ទំនងញឹកញាប់ជាមួយមនុស្ស អាចនាំឱ្យមានការប្រែប្រួលនៃមេរោគ ដែលអាចរីករាលដាលយ៉ាងងាយស្រួលរវាងមនុស្ស និងបង្កឱ្យមានជំងឺរាតត្បាតមួយផ្សេងទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner