មនុស្ស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប៉ូឡូញ
វ៉ាសូវី៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់បុកឃ្លាំងមួយកន្លែង នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ បណ្តាលអោយមនុស្ស ៥នាក់បាត់បង់ជីវិត។
អាជ្ញាធរប៉ូឡូញបានរាយការណ៍ថា យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់បុកឃ្លាំងមួយកន្លែង នៅឯអាកាសយានដ្ឋានក្បែរទីក្រុងវ៉ាសូវី នៅក្នុងថ្ងៃចន្ទនេះ បណ្តាលអោយមនុស្ស ៥នាក់បាត់បង់ជីវិត។ ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា មានមនុស្ស ៣នាក់នៅលើយន្តហោះ នៅពេលដែលវាធ្លាក់បុកឃ្លាំងមួយកន្លែង ជាទីដែលមនុស្ស ១៣នាក់កំពុងជ្រកកោនគេចពីព្យុះ។
អ្នកនាំពាក្យប៉ូលិសក្រុងវ៉ាសូវី លោក Sylwester Marczak បាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស ហើយពីរនាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ខណៈដែលអ្នកបើកយន្តហោះស្ថិតក្នុងចំណោមអ្នកស្លាប់។
យន្តហោះខ្នាតតូចមួយគ្រឿងនេះ បានធ្លាក់នៅក្នុងភូមិ Chrcynno មានចម្ងាយ ៤៧គីឡូម៉ែត្រ ពីទីក្រុងវ៉ាសូវី នៅឯអាកាសយានដ្ឋានតូចមួយ ដែលគេដឹងថា ប្រើប្រាស់សម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោង។ បច្ចុប្បន្នហេតុការណ៍ធ្លាក់យន្តហោះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា