មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព
ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលជាមេបញ្ជាការរង នាយការរិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈសេនាតូច និងផ្នែកពាក់ព័ន្ធជាច្រើនរូប កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅអគារសាលប្រជុំរបស់ទីបញ្ជាការ។
ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម សង្កាត់ធ្ងន់ផងដែរថា ក្នុងនាមយើងជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ខ្ពស់សម្រេចរាល់បទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ត្រូវមានភក្ដីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលរកបានមកយ៉ាងលំបាក។
ឯកឧត្តម មេបញ្ជាការ បានលើកឡើងពីសភាពការណ៍អន្តរជាតិថ្មីៗ ប្រទេសមហាអំណាច ចិន រុស្សី អាមេរិក ដែលកំពុងប្រជែងគ្នាដើម្បីដណ្តើមភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ ការបន្តអូសបន្លាយ សង្រ្គាមរវារុស្សី នៅអ៊ុយក្រែន ដែលធ្វើអោយប៉ះពាលដល់អាយុជីវិត្តប្រជាជន ការសាកល្បងអាវុធ របស់កូរ៉េខាងជើង និងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ភ្លើងឆេះព្រៃ ការកើនឡើងកំដៅនៅលើភពផែនដីជាដើម។
ឯកឧត្តម មេបញ្ជាការ ក៏បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ នាយ-ពលទាហាន ទាំងអស់ត្រូវបន្តចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជូនគណបក្សនយោបាយនានា នៅទូទាំងខេត្តកណ្តាល និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលមានសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ។
ឯកឧត្តម មេបញ្ជាការ ក៏បានចែកនូវសៀវភៅ ស ការពារជាតិ ដល់លោកនាយការរិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក និងវរៈសេនាតូចទាំង ១៤អង្គភាពក្រោមចំណុះដើម្បីយកទៅផ្សព្វផ្សាយបន្ត ដល់នាយទាហាន នាយទាហានរងក្រោមឱវាទផងដែរ៕ដោយ ៖ ង៉ាន់ ទិត្យ