ឯកឧត្តម  វង្ស៊ី វិស្សុត៖ ក្រសួងសេដ្ឋកិច្ច​បានដាក់គោលនយោបាយសំខាន់ៗចំនួនប្រាំ បើសិនរាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយគណបក្សប្រជាជន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ឯកឧត្តម វង្ស៊ី វិស្សុត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តោតជាចំបងលើការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបង្កើតការងារ បង្កើនឱ​កា​ស​រកប្រាក់ចំណូល កាត់បន្ថយភាព និងលើកកម្ពស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការដាក់ចេញនៅគោលនយោបាយអាទិភា​ព លើវិស័យសេដ្ឋកិច្ចចំនួនប្រាំ។

ឯកឧត្តម វង្ស៊ី វិស្សុត បញ្ជាក់បែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយនានា លើប្រធានបទ «គោលនយោបាយ លើវិស័យសេដ្ឋកិច្ច» បានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលឯកឧត្តមតំណា​ងឱ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣​។

ឯកឧត្តម វង្ស៊ី វិស្សុត បានថ្លែងថា ៖ «ទីមួយ  បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរក្សាឱ្យបាននូវអត្រាអតិផរណា ក្នុងកម្រិតទាប ស្ថិរភាពនៃអត្រាប្តូរប្រាក់ តុល្យភាពនៃថវិកាជាតិ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ។​ ទីពីរ​ គឺជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីកាត់បន្ថយភាព​ក្រីក្រ, ​ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធព្រមទាំង ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍបៃតង»។

ចំណែកទីបី គឺ​ពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងថវិកា និងការរក្សាចីរភាពនៃវថិកា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ឱ្យកា​ន់តែស៊ីជម្រៅ នូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងការគ្រប់គ្រងចំណូលថវិកាជាតិ ដើម្បីកៀរគរធនធាន នា​នាឱ្យអស់សក្តានុពល និងបន្តមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ និងមិនយកពន្ធប្រាក់បៀវត្ស អប្បបរមារបស់មន្រ្តីរាជការ​ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ​

ឯកឧត្តម  វង្ស៊ី វិស្សុត បានបញ្ជាក់ទៀតថា ៖ «គោលនយោបាយទីបួន  គឺ​អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ​តាមរយៈការបង្កើនប្រសិទ្ធភាព​នៃការផ្ទេរសញ្ច័យរបស់ជាតិ ទៅជាការវិនិយោគលើវិស័យអាទិភាពគួបផ្សំនឹងការគ្រ​ប់គ្រងកំណើនឥណទាន ដែលមា​នលក្ខណៈសមស្របសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច, ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ,ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការបន្តជំរុញការអភិវឌ្ឍមូលបត្ររដ្ឋ ក៏ដូចជាការអភិវឌ្ឍយន្តការហិរញ្ញប្បទានថ្មីៗ សំ​ដៅទ្រទ្រង់ដល់ការអភិវឌ្ឍជាតិ»។

ចំណែកគោលនយោបាយអាទិភា​ព​លើវិស័យសេដ្ឋកិច្ច ចុងក្រោយគឺ​ការ​អភិវឌ្ឍវិស័យឯកជន ឱ្យក្លាយជាក្បាលម៉ាស៊ីននៃកំ​ណើ​នសេដ្ឋកិច្ច ដែលផ្តោតជាសំខាន់លើការបង្កើនបរិស្ថានអនុគ្រោះសម្រាប់ការវិនិយោគ និងធុរកិច្ច ការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក, ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជ ន​, ការពង្រឹងសហគ្រិនភាព និងការអភិវឌ្ឍធុរកិច្ច និងបន្តអនុវត្តការវេទិការរាជរដ្ឋាភិបាលផ្នែកឯកជន។

លោក​ យ៉ង ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់​ឱ្យដឹង​ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ការឃោ​សនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗហាក់មានភាពស្វិតស្វាញ ខណៈដែលគណបក្សនយោបាយទាំង១៨ មានរៀបចំនូវគោលនយោបាយរបស់ខ្លួនជាច្រើន ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ដូច្នេះថា ៖ «​យើងបានឃើញថា ការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សនីមួយៗ មានយុទ្ធសា​ស្រ្តផ្សេងៗគ្នា។ ខ្ញុំសង្ឃឹមថា គណបក្សនយោបាយដែលជាប់ឆ្នោត នាអាណត្តិទី៧ខាងមុខនេះ នឹងបំពេញតាមការសន្យារ​ប​ស់គាត់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនប្រកបដោយសប្រសិទ្ធភាព។ តែខ្ញុំសង្កេតឃើញថា កន្លងទៅគណបក្សប្រ​ជាជន ដែលជាគណបក្សកាន់អំណាច តែងតែធ្វើតាមការសន្យារបស់ខ្លួន នៅពេលដែលគណបក្សនេះ ជាប់ឆ្នោត»៕

ដោយ៖វណ្ណ សុជាតា

ads banner