គ.ជ.ប ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈបម្រើឱ្យការបោះឆ្នោតយកទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥
ភ្នំពេញ៖ នៅនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀតត្រូវបានដឹកចេញពីពីឃ្លាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការដឹកជញ្ជូនសម្ភារៈបម្រើឱ្យការបោះឆ្នោតនេះ គឺមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនការពារសន្លឹកឆ្នោត ដើម្បីទៅដល់គោលដៅនៃការផ្តល់សន្លឹកឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ គ.ជ.ប បានរៀបចំដឹកជញ្ជូនសន្លឹកឆ្នោត បញ្ជីបោះឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតជា៨ខ្សែ ទៅតាមបណ្តាខេត្តននិមួយៗ យ៉ាងយូរបំផុតពេលល្ងាចនឹងទៅដល់គណៈកម្មាការរាជធានី ឬក៏ខេត្តរៀបចំការបោះឆ្នោត ដើម្បីចែកចាយបន្តទៅការិយាល័យបោះឆ្នោត បម្រើសេវាកម្មជូនប្រជាពលរដ្ឋដែលនឹងអញ្ជើញទៅបោះឆ្នោតជ្រ៊សតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
ទាក់ទងការដឹកជញ្ជូនឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀតសម្រាប់បម្រើឱ្យការបោះឆ្នោត អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ការវេចខ្ចប់សន្លឹកឆ្នោតមានស្រទាប់កៅស៊ូ និងស្រទាប់ក្រដាសធម្មតាជាច្រើនស្រទាប់ដើម្បីធានាសុវត្ថិភាព និងការរៀបចំតម្រាយផ្លូវធ្វើដំណើរ គឺមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនការពារសន្លឹកឆ្នោត ដើម្បីទៅដល់គោលដៅនៃការផ្តល់សន្លឹកឆ្នោត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកជាង១៣លានសន្លឹកសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សន្លឹកឆ្នោតដែលនឹងបោះពុម្ពសន្លឹកជាង១៣លានសន្លឹក គឺចែកចេញជា២ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូនទៅការិយាល័យបោះឆ្នោតជាង២៣០០ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង១លាន២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ត្រៀមបម្រុងដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ចំនួនឈ្មោះប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយមានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥.១៦១.៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេស គឺមានចំនួន ២៣.៧៨៩ ការិយាល័យ៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប



