កម្ពុជាបន្តរក្សាជំហរជួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចប់ជម្លោះមីយ៉ាន់ម៉ា
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាឯកឧត្តម គង់ ភោគ បញ្ជាក់ថា កម្ពុជានៅបន្តរក្សាគោលជំហរជួយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបិទបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ខណៈអាស៊ានកំពុងខិតខំដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ និងស្មុគស្មាញជាងបីឆ្នាំមួយនេះ ជាពិសេសការស្នើឱ្យមីយ៉ាន់ម៉ាខ្លួនឯងត្រូវខិតខំចូលរួមតុចរចាបញ្ចប់ជម្លោះនេះ។
ការបញ្ជាក់ជំហររបស់កម្ពុជាពីសំណាក់ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ានបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា នាទីស្តីការក្រសួងការបរទេសស្តីពីលទ្ធផលនៃការចូលរួមរបស់ប្រមុខការទូតកម្ពុជាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី។
ឯកឧត្តម គង់ ភោគ ថ្លែងថា វិបត្តិនៅមីយ៉ាន់ម៉ានៅតែជាបញ្ហាស្មុគស្មាញនៅក្នុងជំនួបអាស៊ានម្តងៗ ហើយប្រទេសជាសមាជិកអាស៊ានតែងប្តេជ្ញាដោះស្រាយវិបត្តិនេះតាមតែអាចធ្វើបាន។ជាពិសេសការអំពាវនាវឱ្យមីយ៉ាន់ម៉ាខ្លួនឯងត្រូវប្តេជ្ញាចិត្តដោះស្រាយជម្លោះនេះ ខណៈមកទល់បច្ចុប្បន្នភាគីកងកម្លាំងប្រឆាំងរដ្ឋាភិបាល និងភាគីរដ្ឋាភិបាលយោធាទីក្រុងណៃពិដោនៅបន្តប៉ះទង្គិចគ្នាជារឿយៗ។
លោកសង្កត់ធ្ងន់ថា ៖ «បញ្ហាមីយ៉ាន់ម៉ាគឺជាបញ្ហាស្មុគស្មាញ និងលំបាក មានន័យថា គ្មាននរណាអាចដោះស្រាយបញ្ហាហ្នឹងរយៈពេលមួយឆ្នាំនោះទេ ទោះមួយឆ្នាំ ឬបីឆ្នាំក្តី។ ខ្ញុំសង្ឃឹមថា យើងអាចដោះស្រាយបញ្ហាហ្នឹងចប់មុនកម្ពុជាយើងធ្វើជាប្រធានអាស៊ានម្តងទៀតផង»។
ឯកឧត្តមបន្តថា ៖ «គ្រប់គ្នាទទួលស្គាល់ការពិតថា បញ្ហាមីយ៉ាន់ម៉ាគឺត្រូវការពេលវេលា ខណៈកម្ពុជាធ្លាប់ធ្វើដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចចរចា។ ប្រទេសដទៃទៀត អាចយកទៅប្រើប្រាស់ដើម្បីជាមូលដ្ឋានសម្រាប់បង្កើតការរីកចម្រើនថ្មីបន្តទៀត»។
កម្ពុជាបានសម្រេចនូវគំនិតផ្តួចផ្តើមធំៗមួយចំនួនដើម្បីត្រួសត្រាយផ្លូវដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលអាស៊ានអាចនៅបន្តប្រើប្រាស់ដូចជា ការពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុច របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ឯកសារមួយចំនូនក្នុងសេចក្តីថ្លែងការណ៍រួមបានកើតចេញគ្រាកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសយន្តការ ត្រយកា(Troika) អាស៊ានក្នុងជម្លោះនេះ។
សូមបញ្ជាក់ថា យន្តការ Troika អាស៊ានក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះឆ្នាំមុននោះ សំដៅថា ប្រធានអាស៊ានមុន ប្រធានបច្ចុប្បន្ន និងប្រធានបន្ទាប់ ដើម្បីចូលរួមដឹកនាំសកម្មភាពរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលគោលដៅចម្បងរបស់កិច្ចព្រមព្រៀងនោះ គឺជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ដោយកម្ពុជាយល់ច្បាស់ថា បញ្ហាមីយ៉ាន់ម៉ាត្រូវការពេលរាប់ឆ្នាំដើម្បីបញ្ចប់។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តម គង់ ភោគ។
ទោះជាយ៉ាងណា ឯកឧត្តម គង់ ភោគ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសលើកទី៥៦ នេះសមាជិកអាស៊ាននៅតែបន្តប្តេជ្ញារក្សាធម្មនុញ្ញអាស៊ាន លើការពិភាក្សាមុនធ្វើសេចក្តីសម្រេចនានា ដោយអនុលោមទៅតាមគោលការណ៍កុងសង់ស៊ីល។
ពាក់ព័ន្ធរឿងនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា មូលហេតុដែលកម្ពុជាប្រកានជំហរគាំទ្រឱ្យមានសមាសភាគគ្រប់ភាគីចូលតុចរចាព្រោះកម្ពុជាធ្លាប់មានដានប្រវត្តិសាស្រ្តស្រដៀងគ្នានេះរួចទៅហើយព្រមទាំងមានរូបមន្តបញ្ចប់ជម្លោះ។ ពោលគឺសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរបស់ខ្លួនជាងបីទសវត្សរ៍រហូតមុនទទួលបានសន្តិភាពលេញ កម្ពុជាធ្លាប់ភាគីជម្លោះដល់ទៅបួន ពោលគឺក្រុមខ្មែរក្រហម រដ្ឋាភិបាលក្រុងភ្នំពេញរបស់ លោកហេង សំរិន ក្រុមលោកតាសឺន សាន និងក្រុមរាជានិយមហ្វុនស៊ីនប៉ិចនៅទសវត្សរ៍ឆ្នាំ១៩៨០ ដែលទាមទារគ្រប់ភាគីចូលរួមតុចរចា។
លោក គិន ភា សង្កត់ធ្ងន់ថា ៖ «កម្ពុជាមានជំហរសម្របសម្រួលគ្រប់ភាគី មិនអាចផាត់ចោលភាគីណាមួយបានឡើយ ជាពិសេសភាគីយោធាដែលកំពុងគ្រប់គ្រងអំណាចស្ទើ ៩០ភាគរយ បើសិនជាភាគីយោធាមិនព្រមលើផ្នែកណាមួយ ទោះបីដាក់ទណ្ឌអ្វីក៏ដោយក៏មិនអាចបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ានោះដែរ»។
លោកយល់ថា យន្តការឯកភាពកុងសង់ស៊ីសរបស់អាស៊ាននៅតែដើរតួនាទីសំខាន់ក្នុងអង្គការតំបន់មួយនេះ ខណៈប្រទេសជាសមាជិកមានចក្ខុវិស័យនិងមានទំនោរខុសៗគ្នានៅក្នុងលំហភូមិសាស្រ្តនយោបាយ ដែលទទួលឥទ្ធិពលពីការប្រជែងឥទ្ធិពលរបស់មហាអំណាច សូម្បីនៅក្នុងសំណុំរឿងមីយ៉ាន់ម៉ានេះក្តី។
ជាមួយគ្នានេះ លោកក៏បានប្រមើមើលឃើញស្រដៀងការលើកឡើងរបស់ឯកឧត្តម គង់ ភោគ ដែរ ដែលលោកថា សំណុំរឿងជម្លោះមីយ៉ាន់ម៉ានេះនឹងត្រូវអូសបន្លាយពេលរាប់ឆ្នាំទៅមុខទៀត ទម្រាំអាចរកច្រកបញ្ចប់បាន ខណៈផ្ទៃក្នុងអាស៊ានក៏មិនទាន់អាចរកចំណុចរួមបាន ដោយក្រុមប្រទេសអាស៊ានដីកោះខ្លះចង់ប្រើវិធានការក្តី ចំណែកក្រុមអាស៊ានដីគោករួមមានកម្ពុជាបន្តប្រើវិធានការត្រជាក់ នៅចំពោះមុខធម្មនុញ្ញអាស៊ានដែលចែងហាមឃាត់មិនអាចឲ្យសមាជិកលុកលាន់កិច្ចការផ្ទៃក្នុងសមាជិកផងគ្នា។
សម្រាប់លោក សេង វណ្ណលី សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដាននយោបាយតំបន់វិញ លើកឡើងដែរថា មកដល់ពេលនេះ ក្នុងជម្លោះមីយ៉ាន់ម៉ា អាស៊ានមិនទាន់រកចំណុចរួមក្នុងការដោះស្រាយនៅឡើយទេ ខណៈសមាជិកខ្លះចង់ឱ្យភាគីយោធាលោក មីន អោងឡាំង ប្រកាន់ខ្ជាប់ខ្ជួនគោលការណ៍ឯកឆន្ទប្រាំចំណុចដែលអាស៊ានដាក់ចេញ។ ចំណែកសមាជិកខ្លះប្រកាន់ឥរិយាបថទន់ភ្លន់ដើម្បីគ្រប់ភាគីចូលតុចរចា។
លោក សេង វណ្ណលី ថ្លែងថា ៖ «បញ្ហាមីយ៉ាន់ម៉ាអាចដោះស្រាយបានលុះត្រាអាស៊ានមានជំហររួមគ្នាមួយ។ ខ្ញុំជឿជាក់ថា បើអាស៊ានមានជំហររួមមួយដែលមិនតឹងតែងពេក ឬបន្ធូរបន្ថយពេក នោះរបបសឹកអាចគ្មានជម្រើសក្នុងការងាកចេញមិនចូលរួមជាមួយអាស៊ានបានទេ។ បញ្ហានេះអាចកើតឡើងបានទាល់តែអាស៊ានសុំឱ្យមហាអំណាចដូចជាចិន និងសហរដ្ឋអាមេរិកជួយទាំងវោហាសាស្រ្តការទូត និងសកម្មភាពជាក់ស្តែង»។
សូមរំឭកថា វិបត្តិមីយ៉ាន់ម៉ាបានអូសបន្លាយពេលជាងbIឆ្នាំមកហើយ ចាប់តាំងពីក្រុមយោធាដឹកនាំដោយលោក មីន អោងឡាំង ធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអោង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ខណៈវិបត្តិនេះក្លាយទៅជាសង្គ្រាមរវាងក្រុមរបបយោធា និងក្រុមប្រឆាំង ។
ចាប់តាំងពីព្រុយណេជាប្រធានអាស៊ាន២០២១ ,កម្ពុជា២០២២ និងដល់វេនឥណ្ឌូនេស៊ី២០២៣ នេះ ក៏វិបត្តិនេះមិនទាន់មានវឌ្ឍភាពជាវិជ្ជមានច្រើនដែរ៕
ប្រែសម្រួល៖សំបាន ច័ន្ទដារ៉ា