ចិន និងវៀតណាមជម្លៀសមនុស្សរាប់ម៉ឺននាក់គេចចេញពីព្យុះទីហ្វុង ថាលីម
ប៉េកាំង៖ នៅភាគខាងត្បូងប្រទេសចិន និងវៀតណាម មានមនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅមុនពេលព្យុះទីហ្វុងដ៏ធំមួយបោកបក់លើតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ ដែលពាំនាំមកជាមួយនូវខ្យល់បក់បោកខ្លាំង និងភ្លៀង ហើយបង្ខំឱ្យលុបចោលជើងហោះហើរ និងរថភ្លើងរាប់រយ។
រដ្ឋបាលឧតុនិយមចិនបានរាយការណ៍ថា ព្យុះទីហ្វុង ថាលីម គឺជាព្យុះទីហ្វុងទី ៤ ហើយក្នុងឆ្នាំនេះ ដែលបានធ្វើដំណើរទៅដល់តំបន់ឆ្នេរសមុទ្រនៃខេត្តក្វាងទុង នៅម៉ោងប្រហែល១០និង២០នាទី (ម៉ោងក្នុងតំបន់) ជាមួយនឹងកម្លាំងខ្យល់បក់បោកអតិបរមា ១៣៦.៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះ មន្រ្តីព្យាករណ៍ឧតុនិយមបានចេញការជូនដំណឹងពណ៌ទឹកក្រូច ដែលជាការព្រមានកម្រិតខ្ពស់បំផុតទីពីរក្នុងប្រព័ន្ធកូដបួនពណ៌របស់ប្រទេសចិន។ ដោយឡែកអាជ្ញាធរក្នុងប្រទេសវៀតណាមបាននិយាយថា ពួកគេកំពុងរៀបចំជម្លៀសមនុស្សប្រហែល ៣០,០០០នាក់ចេញពីតំបន់ដែលត្រូវបានគេព្យាករណ៍ថា នឹងរងការវាយប្រហារខ្លាំងបំផុតពីព្យុះទីហ្វុង ថាលីម នៅក្នុងខេត្ត កាង នីន និងហៃ ផុង ចាប់ពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។
គណៈកម្មាធិការឆ្លើយតបគ្រោះមហន្តរាយកំពូលរបស់វៀតណាម ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធើណិតដែរថា ព្យុះទីហ្វុង ថាលីម ប្រហែលជាព្យុះដ៏ធំបំផុតមួយ ដែលបានវាយលុកឈូងសមុទ្រតុងកឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ជុំវិញបញ្ហានេះដែរ កាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជិញ បានដឹកនាំក្រុមឆ្លើយតបគ្រោះមហន្តរាយ ឱ្យរៀបចំការងារជួយសង្គ្រោះ និងជំនួយសង្គ្រោះន្ទាន់ ដោយព្រមានអំពីគ្រោះទឹកជំនន់ដែលអាចកើតមាន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា