មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់សេវាពន្យារកំណើតដោយឥតគិតថ្លៃ

អត្ថបទដោយ៖
CPA

មណ្ឌលគិរី៖ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក សហការជាមួយមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់សេវាពន្យារកំណើតដោយការដាក់កងក្រោមស្បែក ឥតគិតថ្លៃនៅមណ្ឌលសុខភាព ពូជ្រៃ និងមណ្ឌលសុខភាព អូរអាម ចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែកក្កដាខាងមុខនេះ។

លោកស្រី ប៊ិន រតនា ប្រធានកម្មវិធីគាំពារសុខភាពមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការរៀបចំសេវាពន្យារកំណើតដោយការដាក់កងក្រោមស្បែកដោយឥតគិតថ្លៃនេះ នឹងគ្រោងផ្ដល់ជូនប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ក្នុងនោះមានចំនួនប្រាំស្រុក និងចំនួន ១៦ មណ្ឌលសុខភាព ដែលមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជាអ្នករៀបចំសេវានេះ។

លោកស្រីបន្តថា ការផ្ដល់សេវានឹងធ្វើឡើងនៅក្នុងមណ្ឌលសុខភាពចំនួនពីរគឺ មណ្ឌលសុខភាព ពូជ្រៃ ដែលគ្របដណ្ដប់លើប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា និងមណ្ឌលសុខភាព អូរអាម ដែលគ្របដណ្ដប់លើប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា។

លោកស្រីបញ្ជាក់ថា គោលបំណងនៃការផ្តល់សេវានេះដោយឥតគិតថ្លៃ គឺដើម្បីរួមចំណែកក្នុងការកាត់បន្ថយអត្រាការស្លាប់របស់មាតា និងទារក ជាពិសេសគឺកាត់បន្ថយបញ្ហាផ្សេងៗនៅពេលស្ដ្រីមានផ្ទៃពោះជាដើម។

លោកស្រី ប៊ិន រតនា បានពន្យល់ថា អត្ថប្រយោជន៍នៃសេវាដាក់កងក្រោមស្បែកហ្នឹង គឺជួយឱ្យស្ត្រីមានកូនតាមប្រាថ្នាមិនមែនជាការចៃដន្យនិងជួយឱ្យស្ដ្រីមានសុខភាពល្អ បើកាលណាគាត់ដាក់កងទៅ ទាំងកូន និងខ្លួនរបស់ពួកគាត់ រួមចំណែកកាត់បន្ថយភាពស្លេកស្លាំង ហើយក៏ជួយដល់ស្ត្រីនៅពេលដែលគាត់មានកូនញឹក សុខភាពគាត់មានភាពទន់ខ្សោយ ខណៈដល់ពេលសម្រាល អាចនឹងមានបញ្ហា។

លើសពីនេះទៀតលោកស្រីបន្តថា សេវានេះក៏ផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតផងដែរទៅដល់ស្ដ្រីដែលជាម្ដាយ អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែកូន ហើយក៏មានពេលវេលាក្នុងការចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតផងដែរ។

យោងតាមអង្គការថែទាំសុខភាពគ្រួសារកម្ពុជា ហៅកាត់ថាអង្គការរ៉ាក់ បានឱ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ការពន្យារកំណើត គឺជាវិធីសាស្ត្រមួយដែលធ្វើឱ្យចន្លោះកំណើតពីកូនមួយទៅកូនមួយរង្វើលទៅតាមសេចក្ដីប៉ងប្រាថ្នារបស់ស្វាមីភរិយា។

ប្រភពដដែលថា ចន្លោះពីកំណើតកូនមួយទៅកូនមួយ ដែលធ្វើឱ្យសុខភាពមាតា និងទារក មានលក្ខណៈល្អប្រសើរ គឺត្រូវមានចន្លោះរវាងពីបី ទៅប្រាំឆ្នាំ ហើយនៅក្នុងចំណោមមធ្យោបាយពន្យារកំណើតជាច្រើននោះ សេវាកងដាក់ក្រោមស្បែក គឺជាមធ្យោបាយពន្យារកំណើតមួយដែលពេញនិយមនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។

អង្គការរ៉ាក់ បានបន្តថា ចំពោះស្ត្រីដែលមិនអាចដាក់កងក្រោមស្បែកបាន ដូចជា៖ កំពុងមានជំងឺថ្លើម (ក្រិនថ្លើម កររោគដុំ កើតលឿង ធ្លាប់មាន ឬកំពុងកើតមហារីកដោះ), ជំងឺសួត, មានធ្លាក់ឈាមមិនធម្មតា និងកំពុងប្រើថ្នាំឆ្កួតជ្រូក ឬថ្នាំរបេងជាដើម។

សូមបញ្ជាក់ថា នៅកម្ពុជាអត្រានៃស្ត្រីដែលបានទទួលការថែទាំផ្ទៃពោះពីគ្រូពេទ្យជំនាញ មុនពេលសម្រាលបានកើនពី ៩៥ ដល់ ៩៩ភាគរយ ដែលអត្រាមរណភាពមាតាបានថយចុះពី១៧៤ មកនៅ ១៥៤ ក្នុងចំណោមមួយសែនកំណើតរស់ ហើយអត្រាមរណភាពទារកទើបកើតបានថយចុះពី១៨ មកនៅប្រាំបី ក្នុងចំណោមមួយពាន់កំណើតរស់ជាដើម៕ ដោយ៖ ជា សុខនី

ads banner