ក្រុមប្រឹក្សាធម្មនុញ្ញ ប្រាប់គណៈប្រតិភូMEFពីការបដិសេធចុះបញ្ជីរបស់គណបក្សនយោបាយចំនួនពីរ គឺជាការអនុវត្តច្បាប់សុទ្ធសាធ
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ពីការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយចំនួនពីរកន្លងមកថាជាការអនុវត្តច្បាប់សុទ្ធសាធ។
ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយនឹង ក្រុមគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) កាលពីថ្ងៃទី១៨ ខែកក្កដា ដែលដឹកនាំដោយ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF)។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_16-57-01-1024x682.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ក្រុមប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេលប្រាំបួនថ្ងៃគឺចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ប្រធានគណៈប្រតិភូ OIF បានលើកឡើងពីបញ្ហាអវត្តមានគណបក្សនយោបាយពីរដែលត្រូវបានបដិសេធមិនឱ្យចូលរួមបោះឆ្នោត និងបានស្នើសុំការបញ្ជាក់ពីឯកឧត្តម អ៊ឹម ឈុនលឹម ទៅលើកិច្ចការងារបោះឆ្នោតកន្លងមកដែលក្រុមប្រឹក្សាធម្មនុញ្ញបានជួបប្រទះផងដែរ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_16-56-59-1024x682.jpg)
តាមរយៈសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម អ៊ឹម ឈុនលឹម បានបញ្ជាក់ជូនលោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ថា ៖ «ការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយពីរ កន្លងមកនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ដែលកំហុសនេះកើតចេញពីគណបក្សនយោបាយខ្លួនឯងដោយពុំបានបំពេញលក្ខខណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយស្របតាមច្បាប់តម្រូវ»។
នាឱកាសនោះដែរឯកឧត្តម អ៊ឹម ឈុនលឹម ក៏បានផ្ដល់ជាអនុសាសន៍ឱ្យលោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា និងគណៈប្រតិភូអមដំណើរ បន្តសង្កេតការណ៍កិច្ចការបោះឆ្នោតនេះ រហូតដល់ថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន ដើម្បីអាចធ្វើការវាយតម្លៃបានកាន់តែសុក្រិតអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_16-57-00-1024x682.jpg)
ចំណែក លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ក៏បានបញ្ជាក់ផងដែរថា គណៈប្រតិភូនៃអង្គការអន្តរជាតិនៃបណ្ដាលប្រទេសនិយាយភាសាបារាំង (OIF) នឹងបន្តសង្កេតមើលដំណើរការបោះឆ្នោតរហូតដល់ថ្ងៃទី២៥ ខែកក្កដា។
សូមរម្លឹកដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយចំនួន២គឺ គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ គណបក្សទាំងពីរ បានដាក់ពាក្យប្តឹងតវ៉ាទៅនឹងការសម្រេចរបស់គ.ជ.ប ទៅក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែក៏ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពិនិត្យលើសេចក្តីសម្រេចលើពាក្យបណ្ដឹងតវ៉ារបស់គណបក្សទាំងពីរផងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានតម្កល់សេចក្តីសម្រេចបដិសេធរបស់ គ.ជ.ប ទុកជាបានការតាមផ្លូវច្បាប់ បិទផ្លូវតវ៉ាទាំងពីរគណបក្សផងដែរ។
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_16-56-59-1-1024x682.jpg)
ដោយឡែក ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី ១៨ ខែកក្កដាក៏បានជួបពិភាក្សាការងារជាមួយនឹង លោក ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា និងក្រុមប្រតិភូរបស់លោកផងដែរ នាទីស្តីការគ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងនាជំនួបនោះថា ប្រទេសកម្ពុជា ជាសមាជិកអង្គការ OIF ដ៏សំខាន់មួយដែរ ហើយថាវត្តមានរបស់គណៈប្រតិភូ OIF នៅពេលនេះ ដើម្បីបញ្ជាក់ពីការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា ជាមួយ OIF ឱ្យកាន់តែរឹងមាំ។
ឯកឧត្តមបានថ្លែងថា គ.ជ.ប បាន រៀបចំការបោះឆ្នោតដោយខ្លួនឯងយ៉ាងទៀងទាត់ ទាំងសកល ទាំងអសកល ចំនួន ១៦លើក ដែលការបោះឆ្នោតសកលមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ចំណែកការបោះឆ្នោតអសកលមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ មកទល់ពេលនេះ គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងសម្ភារ ទាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការបោះឆ្នោតសម្រេចបានជោគជ័យ៕
![](https://asset.ams.com.kh/central/media/2023/07/photo_2023-07-19_16-57-02-1024x681.jpg)
ដោយ៖គឹម យុត្ថារ៉ូ