ជនជាតិអាមេរិកម្នាក់បានឆ្លងកាត់ព្រំដែនចូលកូរ៉េខាងជើង ហើយទំនងជាត្រូវបានចាប់ឃុំខ្លួន

ព្យុងយ៉ាង៖ ក្រុមបញ្ជាការដ្ឋានរបស់អង្គការសហប្រជាជាតិដែលត្រួតពិនិត្យតំបន់យោធានៅតាមព្រំដែន កាលពីថ្ងៃទី១៨ ខែកក្កដា បានឱ្យដឹងថា ជនជាតិអាមេរិកមួយនាក់បានឆ្លងកាត់ព្រំដែនរវាងកូរ៉េទាំងពីរដោយបានឆ្លងទៅក្នុងទឹកដីរបស់កូរ៉េខាងជើង ដោយពុំមានការអនុញ្ញាត អំឡុងពេលដែលរូបគេបាននិងកំពុងធ្វើដំណើរទស្សនកិច្ច ហើយបន្ទាប់មក អ្នកដំណើររូបនេះហាក់ដូចជាត្រូវបានអាជ្ញាធររបស់កូរ៉េខាងជើងចាប់ឃុំខ្លួន។

គួរដឹងដែរថា ជនជាតិអាមេរិករូបនោះបានចូលរួមធ្វើដំណើរទស្សនកិច្ចមួយទៅកាន់តំបន់សន្តិសុខរួម ដែលជាតំបន់គ្មានយោធារបស់កូរ៉េទាំងពីរ (DMZ) និងដែលជាតំបន់ខណ្ឌចែកបន្ទាត់ព្រំដែនរវាងកូរ៉េទាំងពីរផងដែរ ពោលគឺចាប់តាំងពីពេលបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ មកម៉្លេះ។តំបន់នេះក៏មានទាហានរបស់ប្រទេសកូរ៉េទាំងពីរ ឈរចាំយាមមើលការខុសត្រូវផងដែរ។

យោងតាមកាសែត Dong-a Ilbo របស់កូរ៉េខាងត្បូងបានលើកឡើងពីសម្ដីរបស់ទាហានកូរ៉េខាងត្បូងថា ពួកគេបានកំណត់នូវអត្តសញ្ញាណរបស់ជនជាតិអាមេរិកនោះថា ជាទាហានរបស់អាមេរិកដែលមានឋានៈជាក់លាក់មួយ តែក្រោយមក កាសែតនោះក៏បានធ្វើការលុបឈ្មោះនោះចេញ។

យោងតាមការបង្ហោះនៅលើបណ្ដាញធ្វីតធ័រ( Twitter) របស់ក្រុមបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) បានឲ្យដឹងថា ៖ «ជនជាតិអាមេរិកម្នាក់នោះ បានចូលរួមក្នុងដំណើរទស្សនកិច្ចតម្រង់ទិសមួយរបស់ JSA ហើយបានឆ្លងកាត់ចូលប ន្ទាត់ព្រំដែន ទៅក្នុងទឹកដីកូរ៉េខាងជើងដោយគ្មានការអនុញ្ញាត»។

សារនៅលើបណ្ដាញ Twitter ដដែលបានលើកឡើងសំដៅដល់ក្រុមទាហានកូរ៉េខាងជើងថា ៖ «ពួកយើងជឿជាក់ថា ជនជាតិអាមេរិករូបនោះកំពុងស្ថិតក្រោមការឃុំខ្លួនដោយកូរ៉េខាងជើង និងកំពុងធ្វើការជាមួយសមភាគីកងទ័ពកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហានេះ»។

យោងតាមការចុះផ្សាយរបស់កាសែតកូរ៉េខាងត្បូង ដោយបានលើកឡើងពីសម្ដីទាហានកូរ៉េខាងត្បូងថា ៖ «បុរសជនជាតិអាមេរិករូបនោះ និងអ្នកចុះទស្សកិច្ចផ្សេងទៀត ដែលរួមមានទាំងជនស៊ីវិលផងដែរនោះ បានធ្វើដំណើរទៅកាន់ភូមិមួយឈ្មោះថា ផាមុនចុម (Panmunjom) ហើយខណៈពេលនោះ បុរសជនជាតិអាមេរិករូបនោះ ក៏បានធ្វើការលោតឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកព្រំដែនរវាងកូរ៉េទាំងពីរតែម្ដង»។

យ៉ាងណាក៏ដោយ វរសេនីយ៍ឯក លោក អ៊ីសាក់ ថេឡឺ (Isaac Taylor) អ្នកនាំពាក្យយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) និងជាមេបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ បានបដិសេធមិនបញ្ជាក់ថា តើបុរសរូបនោះជាទាហានកងទ័ពអាមេរិក ឬជាសមាជិកនៃ USFK នោះទេ ដោយលោកបានលើកឡើងថា លោកមិនមានអ្វីបន្ថែមលើសេចក្តីថ្លែងការណ៍របស់ UNC នោះទេ។ លើសពីនេះ លោកក៏បានប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ (Reuters) បន្ថែមថា «យើងកំពុងធ្វើការស្រាវជ្រាវលើបញ្ហាដែលបានកើតឡើងជុំវិញរឿងនេះ»។ ក្រឡេកទៅមើលសេតវិមាន ក្រសួងការបរទេសសហរដ្ឋអាមេរិក និងមន្ទីរបញ្ចកោណវិញ ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះដែរ។

គួរដឹងដែរថា ហេតុការណ៍នៃការឆ្លងកាត់ព្រំដែននេះ កើតឡើងចំពេលកំពុងមានភាពតានតឹងកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ ជាមួយនឹងការមកដល់នៃនាវាមុជទឹកកាំជ្រួចមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយ និងដើម្បីជាការព្រមានដល់សកម្មភាពយោធាកូរ៉េខាងជើងកន្លងមក។

ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងធ្វើការតេស្តមីស៊ីលដែលមានអានុភាពកាន់តែខ្លាំង ជាមួយនឹងសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ហៅកាត់ថា ICBM ដែលបានបាញ់សាកល្បងកាលពីសប្តាហ៍មុន។ ដោយឡែក ជុំវិញបញ្ហាឆ្លងកាត់ព្រំដែននេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនមិនមានព័ត៌មានលម្អិតអំពីហេតុការណ៍ដែលបានកើតឡើងនៅព្រំដែននោះទេ៕ ប្រែសម្រួល៖ ធា សុណា

ads banner