សភាថៃច្រានចោលការតែងតាំងលោក ភីថា ជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតជុំទី២
បាងកក៖ សភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានបោះឆ្នោតច្រានចោលការតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារើនរ៉ាត់ ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ នៅក្នុងការបោះឆ្នោតជុំទី២។

ក្តីសង្ឃឹមរបស់លោក ភីថា សម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ បានរលាយនៅក្នុងថ្ងៃពុធទី១៩ ខែកក្កដានេះ បន្ទាប់ពីសភាថៃបានបដិសេដមិនឱ្យមេដឹកនាគណបក្សចលនាឆ្ពោះទៅមុខរូបនេះ ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោតជុំទី២។

នៅក្នុងថ្ងៃពុធដដែលនេះ លោក ភីថា លីមចារើនរ៉ាត់ ក៏ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងសមាជិកសភាជាបណ្តោះអាសន្នផងដែរ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ ជុំវិញការចោទប្រកាន់ថា លោកបានរំលោភលើច្បាប់បោះឆ្នោត។

សូមបញ្ជាក់ថា គណបក្សភឿថៃមានគម្រោងតែងតាំងលោក ស្រេតថា ថាវីស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី ៣ ប្រសិនបើមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ នៅតែបរាជ័យក្នុងការបោះឆ្នោតជុំទី២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ។
ដោយឡែកលោក ភីថា ក៏បានសន្យាដែរថា នឹងចុះចេញ ហើយបើកឱកាសឱ្យគណបក្សភឿថៃដឹកនាំក្រុមសម្ព័ន្ធ បើសិនលោកបរាជ័យជាលើកទី២ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា