Telegram មានអ្នកប្រើប្រាស់ ២.៥លាននាក់ក្នុងមួយថ្ងៃ
មូស្គូ៖ គិតមកទល់ពេលនេះ កម្មវិធី Telegram មានអ្នកប្រើប្រាស់សកម្មប្រចាំខែលើសពី ៨០០លាននាក់ ហើយអ្នកចុះឈ្មោះប្រើប្រាស់ជារៀងរាល់ថ្ងៃកំពុងកើនឡើងដល់ ២.៥លាននាក់។

Telegram ដែលជាកម្មវិធីជជែកកម្សាន្តកំពុងផ្ទុះការគាំទ្រ និងពេញនិយមខ្លាំង បច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មប្រចាំខែលើសពី ៨០០លាននាក់ ហើយអ្នកចុះឈ្មោះប្រើប្រាស់ជារៀងរាល់ថ្ងៃកំពុងកើនឡើងដល់ ២.៥លាននាក់។
លោក Pavel Durov ស្ថាបនិក Telegram បានសរសេរសារបង្ហោះថា យើងសប្បាយចិត្ត និងដឹងគុណចំពោះអ្នកប្រើប្រាស់ ទោះបីជាកំណើនដ៏ធំនេះមានន័យថា ការចំណាយកាន់តែខ្ពស់លើការផ្ទុកទិន្នន័យ និងខ្សែបណ្តាញសេវើ ដើម្បីបម្រើអ្នកប្រើប្រាស់របស់យើង។

ជាសំណាងល្អ Telegram មានប្រសិទ្ធភាពខ្ពស់ នៅពេលនិយាយអំពីការចំណាយ ហើយយើងមានការចាប់ផ្តើមដ៏ល្អជាមួយការរកប្រាក់កាលពីឆ្នាំមុន។ Telegram មិនទាន់អាចទទួលបានផលចំណេញនៅឡើយទេ ប៉ុន្តែលោក Durov បាននិយាយថា វាបានខិតទៅជិតគោលដៅហើយ នោះគឺនឹងមានចំនួនអ្នកប្រើប្រាស់ច្រើនជាងបណ្តាញសង្គម Twitter ឬ Snapchat។
សូមរម្លឹកថា កម្មវិធី Telegram បានដាក់ឱ្យដំណើរការសេវាកម្ម Premium កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាមួយតម្លៃជាមធ្យម ៤,៩៩ដុល្លារក្នុងមួយខែសម្រាប់មួយគណនី ហើយវាក៏ជាវិធីសាស្ត្រស្វែងរកប្រាក់ចំណូលសម្រាប់កម្មវិធី Telegram៕


ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា