Skip to content
មកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ Kante សមឈ្នះ Ballon d’Or ជាងគេ
    ទំព័រដើម  »  កីឡាជាតិ

មកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ Kante សមឈ្នះ Ballon d’Or ជាងគេ

ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល N’Golo Kante ធ្លាប់​ទទួល​បាន​ក្នុងការ​ប្រជែង​ពាន​រង្វាន់​ Ballon d’Or គឺ​លេខ​រៀង​ទី​៨ ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២១​នេះ ខ្សែ​បម្រើ​​កណ្ដាល​​ដ៏​ឆ្នើម​របស់ Chelsea និង​ជម្រើស​ជាតិ​បារាំង ស័ក្ដិសម​ក្នុងការ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ខ្ពស់ជាង​គេ។

​មក​ទល់​ពេល​នេះ ពុំ​មាន​បេក្ខជន​​ណា​ដែល​មើល​ទៅ​​ស័ក្ដិសម​ជាង Kante ឡើយ​ក្នុងការ​ក្លាយ​ជា​ម្ចាស់​ពាន​ Ballon d’Or ខណៈ​គេ​ទើប​តែ​បាន​រួម​ចំណែក​យ៉ាង​ធំ​ជួយ Chelsea លើក​ពាន UEFA Champions League 2020-21។

កីឡាករ​វ័យ​៣០​ឆ្នាំ​​រូបនេះ​​ត្រូវ​បាន​ជ្រើសរើស​ជា​ Man of the Match ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ទាំង​២​ប្រកួត​ទល់​នឹង Real Madrid និង​​ម្ដង​ទៀត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង Man City​។ នេះ​ជា​សមិទ្ធផល​ផ្ទាល់​ខ្លួន​ដ៏​អស្ចារ្យ​មួយ ហើយ​គេ​ទទួល​បាន​​វា​ទាំង​៣លើក​យ៉ាង​ស័ក្ដិសម​បំផុត​។

អ្នក​សង្កេត​ការ​ណ៍​បច្ចេកទេស​របស់ UEFA លោក John Peacock និង​លោក Patrick Vieira ​បាន​និយាយ​ក្រោយ​ជ័យជម្នះ​របស់ Chelsea ១-០​លើ Man City ថា Kante មាន​ឥទ្ធិពល​យ៉ាង​ធំធេង​នៅ​តំបន់​កណ្ដាល​នៃ​ទីលាន​ទាំង​ពេល​មាន​បាល់​និង​ពេល​គ្មាន​បាល់ ហើយ​ចាប់​ដៃគូ​​សហការ​យ៉ាង​ចំណាន​ជាមួយ Jorginho​។

ស្រដៀង​គ្នា​នេះ​ដែរ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​២ជើង​ទល់ Real Madrid កីឡាករ​ដែល​កើត​ក្នុង​គ្រួសារ​ជនជាតិ​ម៉ាលី​នៅ​បារាំង​ជួយ​ក្រុម​តោ​ខៀវ​បាន​លេច​ធ្លោ​ ទាំង​ពេល​​ការពារ​​និង​ពេល​ counter-attack ដែល​គេ​ជា​តួអង្គ​នាំ​មុខ និង​បង្កើត​ឱកាស​ល្អ​ៗ​ជា​ច្រើន​លើក​សម្រាប់​ក្រុម​លោក Thomas Tuchel។

តាំង​​ពី​​លោក Tuchel ចូល​​​​ដឹកនាំ​ក្រុម​ Chelsea ក្នុង​ខែ​មករា​​ដែល​ជា​ពេល​ចាប់​ផ្ដើម​នៃ​ការ​​​ពិចារណា​រក​ម្ចាស់​ពាន​ Ballon d’Or 2021 អតីត​សមាជិក Boulogne, Caen និង Leicester City ខាង​លើ​បង្ហាញ​គុណផល​យ៉ាង​​ល្អ​ប្រសើរ​។ គេ​កម្រ​សម្រេច​ចិត្ត​ខុស​ណាស់ ផ្ទុយ​ទៅ​វិញ គេ​សម្រេច​ចិត្ត​ត្រូវ​ៗ​យ៉ាង​ច្រើន​។ ប្រសិន​គ្មាន Kante ក្នុង​ក្រុម Chelsea មើល​ទៅ​ពិបាក​ក្នុងការ​ឈ្នះ​ Champions League ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​គេ​ណាស់​។

មក​ទល់ពេលនេះ ពាក់​កណ្ដាល​ផ្លូវ​ហើយ​​ដែល​ឆ្នាំ​២០២១​បាន​ចំណេរ​មក​ ហើយ​ Kante ត្រូវ​បាន​មើល​ឃើញ​ថា​ជា​បេក្ខភាព​នាំ​មុខ​គេ​ក្នុង​ការ​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ​​ ស្រប​ពេល​ព្រឹត្តិការណ៍​សម្រាប់​ជម្រើស​ជាតិ​ក្នុង​រដូវក្ដៅ​នេះ​កំពុង​ខិត​ជិត​មក​ដល់។

Kante អាច​បន្ថែមទម្ងន់​នៃ​​គុណ​សម្បត្តិ​របស់​គេ​ដើម្បី​ប្រជែង​ពាន Ballon d’Or នៅ​ក្នុង​ពាន​រង្វាន់ Euro 2020 ជាមួយ​ជម្រើស​ជាតិ​បារាំង​។ បារាំង ស្ថិត​ក្នុង​ពូល​មរណៈ​ជាមួយ ព័រទុយហ្គាល់ និង​អាល្លឺម៉ង់ ប៉ុន្តែ​ពួក​គេ​ជា​ជើងឯក​ពិភពលោក​ដែល​សម្បូរ​ទៅ​ដោយ​តារា​ល្អ​ៗ ពិសេស​​នៅ​តំបន់​បម្រើ និង​រំពឹង​ថា​នឹង​ទៅ​បាន​​ឆ្ងាយ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

ហើយ​បើ​ថា បារាំង ឈ្នះ Euro 2020 ទៀត អីចឹង​ករណី​ថា Kante ក្លាយ​ជា​ម្ចាស់​ពានកីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​ពិភពលោក​គឺ​កាន់​តែ​ច្បាស់ថែម​​ទៀត​ហើយ​។

ប៉ុន្តែ បើ​ទោះ​បី​បារាំង​ពុំ​​​បានលើកពាន Euro រដូវ​ក្ដៅ​នេះ ក៏ Kante ជា​កីឡាករ​​លេច​ធ្លោ​ជាង​គេ​រួច​ទៅហើយ​ក្នុង​ឆ្នាំ​២០២១​នេះ​។

Kante ជា​កីឡាករ​មាន​ប្រវត្តិ​កម្សត់ តែ​អំណត់​និង​តស៊ូ, ជាកីឡាករ​ដាក់​ខ្លួន​មិនមាន​អំណួត​អួតអាង និង​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត​នៅ​ក្នុង​ពិភព​បាល់ទាត់​។

នៅ​ក្នុង​រាត្រី​លើក​ពាន Champions League, Kante ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​អំពី​ឱកាស​ឈ្នះ Ballon d’Or​។ ប៉ុន្តែ​ Kante បាន​និយាយ​សម្រាល ដោយ​ថា​៖ «ខ្ញុំ​មិន​គិត​ដល់​រឿងនោះ​ទេ​។ នៅ​ក្នុង​ខណៈ​នេះ ពួក​យើង​កំពុង​រីករាយ​នឹង​​​ជោគជ័យ Champions League ហើយ​បន្ទាប់​មក​ពួក​យើង​ត្រូវ​គិត​អំពី Euro ដែល​នឹង​មក​ដល់​ឆាប់​ៗ»។

Kante ជា​មនុស្ស​ស្រគត់ស្រគំ​មិន​សូវ​មាត់​ក ហើយ​តំណែង​ដែល​គេ​លេង​លើ​ទីលាន​​ក៏​ជា​តំណែង​មួយដែល​មិន​សូវ​ទាក់ទាញ​ចំណាប់​អារម្មណ៍​​អ្នក​បោះឆ្នោត Ballon d’Or មួយ​ចំនួន​ និង​​ចំណង​ជើង​​ធំ​ៗ​លើ​ទំព័រ​មុខ​សារព័ត៌មាន​នោះទេ ដោយសារ​មិន​សូវ​មាន​គ្រាប់​បាល់​ញឹកញាប់​ដូច​ខ្សែ​ប្រយុទ្ធ​។

ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា ទេ! កាល​ពី​ឆ្នាំ​២០១៨ Luka Modric បាន​ឈ្នះ Ballon d’Or​។ ពិត​ណាស់ វា​ជា​ឆ្នាំ​ដែល​ Modric ឈ្នះ Champions League ជាមួយ Real Madrid និង​ជួយ​ក្រូអាត​ឡើង​ផ្ដាច់ព្រ័ត្រ FIFA World Cup នៅ​រុស្ស៊ី​។ ប៉ុន្តែ​ខ្សែ​បម្រើ​​ដែល​ធ្លាប់​ឈ្នះ Ballon d’Or ផ្សេង​ទៀត​ក្រៅ​ពី Modric ក្នុង​សតវត្សរ៍​ទី​២១​នេះ ពុំមាន​ច្រើន​ឡើយ គឺមាន​តែ​ Pavel Nedved ក្នុង​ឆ្នាំ​២០០៣ និង Kaka ក្នុង​ឆ្នាំ​២០០៧​។

ទោះ​យ៉ាង​ណា​ក៏​ដោយ សរុប​មក​វិញ នៅ​សល់​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​ទៅ ដ្បិត​មក​ទល់​នឹង​ពេល​​លោកអ្នក​កំពុង​ស្ដាប់​វីដេអូ​របស់ AMS Sports ក្នុង​ដើម​ខែ​មិថុនា​នេះ វា​ទើប​តែ​ពាក់​កណ្ដាល​ឆ្នាំ​២០២១​ប៉ុណ្ណោះ​។ គ្រាន់​តែ​ថា​បើ​គិត​ពី​ដើម​ឆ្នាំ​មក​ទល់​ពាក់​កណ្ដាល​ឆ្នាំ​នេះ Kante ជា​កីឡាករ​លេ​ង​បាន​​ល្អ​ជាង​គេ​៕