Skip to content
ពីបុគ្គលិកដឹកជញ្ជូន ក្លាយជាកីឡាករបាល់ទាត់អាជីពនៅ AC Milan ក្នុងវ័យ៣០ឆ្នាំ
    ទំព័រដើម  »  កីឡាជាតិ

ពីបុគ្គលិកដឹកជញ្ជូន ក្លាយជាកីឡាករបាល់ទាត់អាជីពនៅ AC Milan ក្នុងវ័យ៣០ឆ្នាំ

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលវ័យ៣០ឆ្នាំ Junior Messias មានវេលាដ៏រីករាយបំផុតក្នុងអាជីពរបស់គេ នៅពេលគេប្ដូរចូល ហើយរកបានគ្រាប់ជ័យជម្នះសម្រាប់ AC Milan ទល់ Atletico Madrid ក្នុងការបង្ហាញខ្លួនលើកទី១ក្នុងពានរង្វាន់ UEFA Champions League យប់ថ្ងៃពុធទី២៤ខែវិច្ឆិកាឆ្នាំ២០២១។

ជ័យជម្នះនេះរក្សាក្ដីសង្ឃឹមសម្រាប់ AC Milan ក្នុងការប្រជែងកៅអី១៦ក្រុមចុងក្រោយ ដ្បិត​ពួក​គេ​មាន​៤​ពិន្ទុ​ស្មើ​ក្រុម​បាតតារាង Atletico និង​នៅ​ក្រោម​ក្រុម​លេខ​២ Porto ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​។

យប់មិញ Messias ចូលលេងជំនួស Rade Krunic ក្នុងនាទី៦៥ នៅ​ខណៈ AC Milan ​ត្រូវការ​គ្រាប់​ជា​ចាំបាច់​ដើម្បី​ចៀស​ផុត​ពី​ការ​ធ្លាក់​ពី Champions League ត្រឹម​នេះ​។ ​នៅ​នាទី៨៧ ខ្សែ​ប្រយុទ្ធ​ជនជាតិ​ប្រេស៊ីល​រូបនេះ​តែត​បញ្ចូល​ទី​ផុត​ដៃ​កំពូល​​អ្នកចាំទី Jan Oblak យក​​គ្រាប់​ជ័យជម្នះ​ជូន​ក្រុម​លោក Stefano Pioli ​​យ៉ាង​រំភើប​​ក្នុង​កីឡដ្ឋាន Wanda Metropolitano។

តើ​អ្នក​ដឹងទេ? នេះជាការផ្លាស់ប្ដូរដ៏មិនគួរឱ្យជឿក្នុងដំណើរជីវិតរបស់ Messias ដែលកាលពី៣ឆ្នាំមុនគេនៅលេងបាល់ទាត់ក្នុងកម្រិតស្ម័គ្រចិត្តនៅឡើយទេ។

Messias បាន​ចាកចេញពី​ប្រទេស​កំណើត​ប្រេស៊ីល​ មក​អ៊ីតាលី​ក្នុង​ឆ្នាំ​២០១១​ជាមួយ​ប្រពន្ធ​និង​កូន​ប្រុស​របស់​គេ មក​នៅ​ជាមួយ​បង​ប្រុស​ក្នុង​ទីក្រុង Turin​។ គេ​បាន​ចាប់ផ្ដើម​ធ្វើការ​ងារ​ជា​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​ដើម្បី​ជីវភាព និង​​នៅ​ពេល​​ទំនេរ​ពី​ការងារ ឆ្លៀត​លេង​បាល់ទាត់​ស្ម័គ្រ​ចិត្ត​ជាមួយ​ក្រុម​ក្នុង​សហគមន៍​ជនជាតិ​ប៉េរូដែល​គេ​រស់​នៅ​​ជាមួយ​ផង​។ ជាអតីត​យុវជន​ហាត់​នៅ​ថ្នាល​ក្លិប Cruzeiro ម្នាក់ Messias ជា​កីឡាករ​មាន​ទេពកោសល្យ​។

បន្ទាប់​មក ក្នុង​ឆ្នាំ​២០១៥ អតីត​តារា​ក្លិប Torino លោក Ezio Rossi បាន​នាំ​ Messias ​ទៅ​ចូល​រួម​ក្រុម Casale ​ក្នុងក្របខណ្ឌ Eccellenza ដែលជា​លីគ​ទី​៥​អ៊ីតាលី។ ដំបូង Messias ​បាន​បដិសេធ​ឱកាស​នោះ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការងារ​គោល​របស់​គេ​ជា​បុគ្គលិក​ដឹក​ជញ្ជូន​។ តែ​ក្រោយ​មក គេ​បាន​យល់ព្រម​ចូលលេង​ក្នុង​លីគ​ទី​៥​អ៊ីតាលី និងបាន​ឡើង​កម្រិត​ជា​បន្ត​បន្ទាប់​ ដោយ​ក្នុង​២០១៦​គេ​លេង​ឱ្យ​ក្រុម​ Chieri ក្នុង Serie D ​ដែល​​​ជា​លីគ​ពាក់​កណ្ដាល​អាជីព​​​របស់​អ៊ីតាលី​។

ក្នុង​ឆ្នាំ​២០១៨​ទើប គឺ​ពេល​គេ​មាន​វ័យ​២៧​ឆ្នាំ​ទើប Messias បាន​ផ្ដើម​​លេង​បាល់​ក្នុង​​លីគ​​អាជីព គឺក្របខណ្ឌ Serie C ដែល​ជា​លីគ​ទី​៣​អ៊ីតាលី​​ បន្ទាប់​ពី​រួម​ចំណែក​ជួយ​ក្រុម Gozzano ឡើង​មក​ពី Serie D​។ ​ក្នុង​ឆ្នាំ​២១៩ គេ​បាន​ផ្លាស់​មក​ចូល​រួមក្លិប Crotone ក្នុង​ក្របខណ្ឌ Serie B រួច​ហើយ​បាន​លេង​ក្នុង​លីគ​កំពូល​អ៊ីតាលី​ជាមួយ​ក្លិប​នេះ​ក្នុង​រដូវកាល​២០២០-២១ ហើយ​គេ​បាន​ចូលលេង​៣៦​លើក​ក្នុង Serie A និង​រក​បាន​៩​គ្រាប់​។ បន្ទាប់​ពី Crotone ធ្លាក់​ទៅ Serie B វិញ AC Milan ​បាន​ខ្ចី​រូប​គេ​ពី Crotone ក្នុង​ឆ្នាំ​២០២១​នេះ​ លើ​កិច្ចសន្យា​១​ឆ្នាំ​ អម​ដោយ​ជម្រើស​ទិញ​យក​ទៀត​ផង​។

Messias ​បាន​ចូលលេង​ឱ្យ AC Milan លើក​ដំបូង​បង្អស់​កាល​ថ្ងៃ​ទី​៤​ខែ​តុលា​ឆ្នាំ​២០២១ ដោយ​ប្ដូរ​ចូល​ក្នុង​ជ័យជម្នះ​៣-២​លើ Atalanta និង​បាន​លេង​​ម្ដង​ទៀត​ក្នុង​ក្របខណ្ឌ Serie A ថ្មី​ៗ​នេះ​។

ហើយ​យប់មិញ​នេះ Messias ​បាន​ចូលលេង​ក្នុង​ពាន​រង្វាន់​លំដាប់​កំពូ​ល​ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ជីវិត​ និង​រក​បាន​គ្រាប់​ទី​១​សម្រាប់ AC Milan ក្នុងការ​បង្ហាញ​ខ្លួនសរុប​លើក​ទី​៣​សម្រាប់​ក្រុម​លោក Pioli​។

Messias និយាយ​ក្រោយ​ការ​ប្រកួត​ថាគេ​សប្បាយ​ចិត្ត​ណាស់​ចំពោះ​គុណផល​និង​ជ័យជម្នះ ព្រោះ​​វា​បាន​រក្សា​ក្ដី​សង្ឃឹម​របស់ AC Milan បន្ត​ទៀត​ក្នុងការ​ព្យាយាម​ឆ្លង​ទៅ​ជុំ​បន្ទាប់​ ហើយ​ក្រុម​នៅ​សល់​រឿង​ជា​ច្រើន​ទៀត​ដែលត្រូវ​ធ្វើ​។

Messias ​សង្កត់​ធ្ងន់​ថា​​៖ «អ្វីដែល​បាន​កើត​ឡើង​ថ្ងៃនេះ​ជាវេលា​ដ៏​សំខាន់​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ​។ ប៉ុន្តែ​ការ​ដាក់​ខ្លួន​គឺ​​នៅ​តែ​សំខាន់​។ ខ្ញុំ​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ដោយសារ​ការ​រិះគន់​ហើយ​ក៏​មិន​ត្រូវដំឡើង​ឫក​ដោយសារ​ពាក្យ​សរសើរ​ដែរ​។ ខ្ញុំ​សូម​ជូន​គ្រាប់​បាល់​នេះ​ចំពោះ​គ្រួសារ​របស់​ខ្ញុំ​និង​គ្រប់គ្នា​ដែល​បាន​ជឿជាក់​លើ​ខ្ញុំ»៕