Skip to content
តើការអាវ៉ង់ (Push-Ups) មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
    ទំព័រដើម  »  កីឡាជាតិ

តើការអាវ៉ង់ (Push-Ups) មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?

អ្នក​អាច​នឹង​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទៅ​កន្លែងជីម ឬ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ចំណាយ​លើ​ការ​ទិញ​ឧបករណ៍​ផ្សេង​ៗ​សម្រាប់​ធ្វើ​លំហាត់ប្រាណ​ប្រចាំ​ថ្ងៃ​។ នៅ​ថ្ងៃនេះ AMS Sports សូម​បង្ហាញ​ជូន​អំពីលំហាត់ប្រាណ​សាមញ្ញ​ៗ​មួយ​ដែល​មិន​អស់​លុយក្នុងការ​ធ្វើ និង​ទទួល​បាន​មក​វិញនូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើនស​ម្រាប់​សុខភាព​រាងកាយ​អ្នក​។

ការអាវ៉ង់ ឬភាសាអង់គ្លេសហៅថា Push-ups ត្រូវបាន​ចាត់ទុក​ជា​វិធីល្អ​បំផុត​មួយ​ក្នុង​ការ​ពង្រឹងរាយកាយ​ផ្នែកខាង​លើដោយ​ពុំ​ចាំបាច់​ប្រើ​ឧបករណ៍​អ្វី និង​ជា​លំហាត់ប្រាណ​មួយ​ដែល​អាច​ធ្វើ​នៅ​ទីណា​ក៏​បានតាមតែ​អ្នក​ចង់ មិនថា​នៅ​ក្នុង​ផ្ទះ​ឬ​នៅ​ក្រៅ​ផ្ទះ​នោះ​ទេ​។

ប្រសិន​អ្នក​អាវ៉ង់​ញឹកញាប់ អ្នក​នឹងចាប់ផ្ដើម​កត់​សម្គាល់​អំពីអត្ថប្រយោជន៍​នៃ​ការ​ធ្វើ​លំហាត់ប្រាណ​មួយ​នេះ ​ដោយ​វា​មិន​ត្រឹមតែ​បង្កើន​សាច់ដុំ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ថែមទាំង​ជួយ​បង្កា​របួស​ផ្សេង​ៗ​ទៀត​ផង​។

អាវ៉ង់ ជា​លំហាត់ប្រាណ​មួយ​ក្នុងចំណោមលំហាត់​ប្រាណ​តិចតួច​ដែល​ធ្វើ​ឱ្យ​​គ្រប់​សាច់​ដុំ​​សំខាន់​ៗ​​នៃ​រាងកាយ​ធ្វើ​សកម្មភាព រួម​ទាំង​សាច់ដុំ​ដៃ​ខាងមុខ សាច់ដុំដៃខាងក្រោយ សាច់ដុំពោះ សាច់ដុំស្មារ និង​ក្រុម​សាច់ដុំ​នៃ​ផ្នែក​ខាង​ក្រោម​រាងកាយ​ផង​ដែរ​។

តាម​រយៈ​ការ​ធ្វើការ​នៃ​សាច់ដុំ​ទាំង​អស់​នេះ​ក្នុង​ពេល​ដំណាល​គ្នា Push-ups ក៏ថែម​ទាំង​​ជួយ​អ្នក​ពង្រឹង​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​ធ្វើ​ឱ្យ​សុខភាព​បេះដូង​របស់​អ្នក​ប្រសើរ​ឡើង​ផង​ដែរ​។

លើស​ពីនេះ​ទៅទៀត នៅ​ពេលអ្នក​កំពុង​​អាវ៉ង់ ទាំង​សាច់ដុំ​ខ្នង​និង​សាច់ដុំ​ដៃ​របស់​អ្នក​លាត​សន្ធឹង​យ៉ាង​ពេញលេញ ហើយ​ការណ៍​នេះ​ជួយ​ឱ្យ​អ្នកកាន់​តែ​មានភាព​បត់បែន​ជាង​មុន និង​ធន់​នឹង​បញ្ហារបួស​បាន​ខ្ពស់​ជាង​មុន​។

ការ​អាវ៉ង់​ត្រឹមត្រូវ​តាម​ស្ដង់ដា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​ដ៏​មានប្រសិទ្ធភាព​បំផុត​មួយ​ក្នុងការ​ការពារ​ស្មារ​របស់​អ្នក​ពី​លទ្ធភាព​នៃ​ការ​រងរបួស​ផ្សេង​ៗ ប្រសិន​អ្នក​ធ្វើ​វា​បានត្រឹមត្រូវ​។

បន្ថែម​លើនេះ វា​ក៏ជួយ​អ្នក​ឱ្យមាន​ជំហរ​រាងកាយ​ប្រសើរ​ឡើង តាម​រយៈ​ការ​បញ្ឈរ​ខ្នង​បាន​ត្រង់​ល្អ ដែល​ជួយ​ឱ្យ​អ្នក​ការពារ​ខ្នង​ផ្នែក​ខាង​ក្រោម​របស់​អ្នក​ពី​ការ​រងរបួស​។

នៅ​ពេល​អ្នក​អាវ៉ង់​រាល់​ថ្ងៃ បន្ទាប់​មក អ្នក​អាច​នឹង​គិត​ថា​​ធុញទ្រាន់​ដោយសារ​ធ្វើ​ដដែល​ៗ។ ប៉ុន្តែ​កុំភ្លេច​ថា​មាន​របៀប​របៀប​អាវ៉ង់​ផ្សេង​ៗ​គ្នា​អាស្រ័យ​តាម​គោលដៅ​ដែល​អ្នក​ចង់​បាន​ថា​តើ​ចង់​ពង្រឹង​សាច់​ដុំ​នៅ​ផ្នែក​ណា​នៃ​រាងកាយ។ របៀប​អាវ៉ង់​មួយ​ចំនួន​ដែល​ពេញ​​និយម គឺ wide push-ups, diamond push-ups, reverse hand push-ups, pike push-ups និង archers push-ups៕

ប្រភព៖ Marca