Skip to content
ក្រុមស្នងការដ្ឋានខេត្តតាកែវលើកពានបាល់ទះ​ឯកឧត្តមស្នងការ ២០២២
    ទំព័រដើម  »  កីឡាជាតិ

ក្រុមស្នងការដ្ឋានខេត្តតាកែវលើកពានបាល់ទះ​ឯកឧត្តមស្នងការ ២០២២

ការប្រកួតបាល់ទះ ដណ្តើមពានរង្វាន់ លោក ឩត្តសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លេីកទី១ ឆ្នាំ ២០២២ បានបិទបញ្ចប់ហេីយកាលពីរសៀលថ្ងៃ ២៧ ខែ មិនា ឆ្នាំ២០២២។

ឆ្លងកាត់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅទីលានបាលទះ ផ្ទះសំណាក់គ្រូបង្រៀនក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ម្ចាស់ជេីងឯកបានទៅលេី ក្រុមស្នងការដ្ឋានខេត្តតាកែវ ដែលបានយកឈ្នះលេីក្រុមបងប្អូនល្អក្រុងដូនកែវ ។

ចំណាត់ថ្នាក់លេខ៣បានទៅ ក្រុម វរៈសេនាតូចការពារព្រំដែនលេខ៦០៣ និងចំណាត់ថ្នាក់លេខ៤ បានទៅលេីក្រុម អធិការដ្ឋាននគរបាលស្រុកបូរីជលសារ ។

ក្រុមដែលទទួលជយ័លាភីទាំងអស់ក៏ទទួលបានប្រាក់រង្វាន់ និង ប្រាក់ឩត្តម្ថលេីកទឹកចិត្តជាច្រេីនពីឯកឧត្តមអភិបាលខេត្ត។

គួរបញ្ជាក់ថា ការប្រកួតនេះបានចាប់ផ្តើមនៅថ្ងៃចន្ទ ទី២១ មីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែមីនា លើទីលានផ្ទះសំណាក់គ្រូបង្រៀន ខេត្តតាកែវ។ លក្ខណៈប្រកួតធ្វើឡើងតាមស្តង់ដារ ៦ស្មើ មិនមានការប៉ះសេជាប់ដៃអ្វីឡើយ។

ក្នុងការប្រកួតនេះ ក្រុមឈ្នះទទួលបានប្រាក់រង្វាន់៣លានរៀល, លេខ២ បាន២លានរៀល, លេខ៣បាន១លានរៀល និងលេខ៤ ទទួលបានការលើកទឹកចិត្ត៥០ម៉ឺនរៀល។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានប្រសាសន៍ថា គោលបំណងនៃការរៀបចំការប្រកួតនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា កាន់តែផុសផុល ជាពិសេសបាល់ទះដែលជាកីឡាដ៏សម្បូរប្រជាប្រិយភាពមួយដែរក្នុងចង្កោមអ្នកទស្សនានៅកម្ពុជា។

មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ទោ ក៏ចង់ញុំាងឲ្យអ្នកលេងបាល់ទះដែលមានបំណងចង់ក្លាយជាកីឡាករអាជីព ចេះប្រកាន់ខ្ជាប់នូវការលេងតាមស្តង់ដារត្រឹមត្រូវ ដើម្បីជាគ្រឹះក្នុងការវិវឌ្ឍខ្លួនបានល្អ។

ថ្នាក់ដឹកនាំនគរបាលខេត្តតាកែវដដែលបញ្ជាក់ថា បន្ទាប់ពីឆ្នាំ២០២២ទៅ ស្នងការដ្ឋានខេត្តតាកែវនឹងរៀបចំការប្រកួតបែបនេះនៅឆ្នាំក្រោយៗទៀត៕