Skip to content
Zidane បញ្ជាក់ពីជំហរបង្វឹករបស់ខ្លួន បន្ទាប់ពី PSG និយាយចំឈ្មោះ ខណៈជម្រើសជាតិក៏ចាប់អារម្មណ៍
    ទំព័រដើម  »  កីឡាជាតិ

Zidane បញ្ជាក់ពីជំហរបង្វឹករបស់ខ្លួន បន្ទាប់ពី PSG និយាយចំឈ្មោះ ខណៈជម្រើសជាតិក៏ចាប់អារម្មណ៍

លោក Zinedine Zidane មកទល់​ចុង​ខែ​មិថុនា​ឆ្នាំ​២០២២នេះ នៅបន្តទំនេរពុំទាន់ធ្វើការងារបង្វឹកឡើងវិញនៅឡើយទេ តាំងពីក្រោយពេលចាកចេញពី Real Madrid ចុងខែឧសភាឆ្នាំ២០២១មក។

ថ្វី​បើ​ពុំ​ទាន់ចាប់​អាជីព​បង្វឹក​យូរ​ឆ្នាំ​ណាស់​ណា ប៉ុន្តែ​​សមត្ថភាព​បង្វឹក​របស់​លោក Zidane ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​តាម​រយៈ​ជោគជ័យ​ក្នុង​ការ​ដឹកនាំ Real Madrid​ ដែល​ជា​ក្លិប​តែ​១​គត់​លោក​បាន​បង្វឹក​មក​ទល់​ឥឡូវនេះ។  

លោក Zidane បាន​ដឹកនាំ Real Madrid ២លើក​។ លើក​ទី​១​ពី​ឆ្នាំ​២០១៦​ដល់​២០១៨ លោក​បាន​ដឹកនាំ Real ឈ្នះជើងឯក La Liga ១ដង, ឈ្នះ​ពាន​ UEFA Champions League ៣​រដូវកាល​ជាប់​ៗ​គ្នា​ដែល​គ្មាន​គ្រូ​បង្វឹក​ណា​ធ្លាប់​ធ្វើ​បាន​​ពីមុន, ឈ្នះ UEFA Super Cup ២ដង, ឈ្នះ FIFA Club World Cup ២ដង។ លើ​ក​ទី​២ លោក​បាន​ដឹកនាំ Real Madrid ២​រដូវកាល​។ រដូវកាល​ដំបូង​២០១៩-២០ លោក​បាន​នាំ​ក្រុម​អធិរាជ​ស ឈ្នះ​ជើងឯក La Liga តែ​រដូវកាល​បន្ទាប់​ពុំ​ឈ្នះ​ពាន​អ្វី​សោះឡើយ ជាហេតុ​បណ្ដាល​ឱ្យ​លោក​ចាកចេញពី​ក្លិបនេះ​ជា​លើក​ទី​២​។

ខណៈ​កំពុង​នៅ​ទំនេរ វីរបុរសបាល់ទាត់បារាំងវ័យ៥០ឆ្នាំរូបនេះត្រូវបានភ្ជាប់នឹងការងារនៅក្លិបធំៗមួយចំនួននារយៈកាលចុងក្រោយនេះ ពិសេស Paris St Germain ដែលទើប​ចែក​ផ្លូវ​ជាមួយ​លោក Mauricio Pochettino។

ប៉ុន្តែ​នៅ​ពេល​​ត្រូវ​បាន​សួរ​នាំ​ញឹកញយ​ពេក​អំពី Zidane ប្រធាន​ក្លិប PSG លោក Nasser Al Khelaifi បាន​និយាយ​ប្រាប់​សារព័ត៌មាន Le Parisien ថា៖ «ខ្ញុំ​ស្រឡាញ់ Zidane ប៉ុន្តែ​ពួក​យើង​មិនដែល​បាន​និយាយ​ជាមួយ​គាត់​ឡើយ។ មានក្លិប​ច្រើន​ណាស់​ចាប់​អារម្មណ៍​គាត់ រួម​ទាំង​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ ប៉ុន្តែ​មិនមែន PSG ទេ»។ បន្ថែម​លើ​នេះ ប្រធានក្លិប PSG បាន​ទម្លាយ​ច្បាស់​ៗ​ថា​ក្លិប​របស់​លោក​កំពុង​ចរចា​ជាមួយ​ក្លិប Nice ដើម្បី​នាំ​យក​លោក Christophe Galtier មក​​ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី​ជំនួស​លោក Pochettino​។

ក្លិប Manchester United នា​ពេល​កន្លង​មក ក៏​ធ្លាប់ត្រូវ​បាន​ភ្ជាប់​ជាមួយ​លោក Zidane ផង​ដែរ មុន​ពេល​តែងតាំង​លោក Erik Ten Hag ជា​អ្នកចាត់ការ​ពេញ​សិទ្ធិ​។ តែ​កាលណោះ តំណាង​របស់​លោក Zidane បាន​​ប្រាប់​សារព័ត៌មាន​ថា​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើមបារាំង​មិន​ចាប់​អារម្មណ៍​ការងារ​នៅ Man Utd ទេ​។

ទោះយ៉ាង​ណា​ក្ដី នៅ​ក្នុង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Telefoot ថ្មី​ៗនេះ លោក Zidane បញ្ជាក់​ថា​លោកនៅ​បើក​ទ្វារ​ចំហ​សម្រាប់​ទទួ​ល​ការងារ​បង្វឹក​នៅ​ពេល​អនាគត ប៉ុន្តែ​មិន​ដឹង​ថា​ពេលណា​ឱ្យ​ប្រាកដ​នោះ​ទេ​។

អតីតកីឡាករ​ក្លិប Cannes, Bordeaux, Juventus និង Real Madrid ខាង​លើ​និយាយ​ថា​៖ «តើ​ខ្ញុំ​នៅ​តែអាច​បន្ត​ការងារ​ជា​គ្រូ​បង្វឹក​ឬទេ? បាទ ខ្ញុំនៅ​តែ​អាច​ធ្វើ​បាន​។ ខ្ញុំ​ចង់​បន្ត​ការងារ​នេះ ព្រោះ​ខ្ញុំ​នៅ​តែ​មាន​ក្ដី​ស្រឡាញ់​ចំពោះ​ការងារ​បង្វឹក»។

ជុំវិញ​​លទ្ធភាព​ចូ​ល​បង្វឹក​ក្រុម​ PSG នៅ​ថ្ងៃ​ណា​មួយ លោក Zidane និយាយក្នុង​សម្ភាសន៍​ជាមួយ L’Equipe ​​ថា​៖ «កុំ​និយាយ​ថា​អត់​ឱ្យ​សោះ។ ក្នុង​នាម​ជា​អ្នកចាត់ការ​ម្នាក់ មិនមាន​ក្លិប​ច្រើន​ដល់​ទៅ​៥០​​ដែល​ខ្ញុំ​អាច​ទៅ​ធ្វើការនោះទេ​។ ប្រហែល​មាន​ពីរ​ឬ​បីក្លិប​ដែល​អាច​ទៅ​រួច»។

ដោយឡែក ពាក់ព័ន្ធ​នឹង​ជោគជ័យ​លើកពាន UCL ៣រដូវកាល​ជាប់​គ្នា​នៅ Real Madrid លោក Zidane ទម្លាយ​ថា​មាន​កត្តា​ច្រើនរួមផ្សំ មិនមែន​ដោយសារ​តែលោក​ម្នាក់​ឯងនោះ​ទេ​។ លោក Zidane សង្កត់​ធ្ងន់​ថា​ជោគជ័យ​កាលណោះ​បាន​មក​ដោយសារ​លោក​មាន​ក្រុមការងារ​ល្អ​ៗ​នៅ​ជុំវិញខ្លួន មាន​កីឡាករ​ឆ្នើម​ៗ​នៅ​ក្នុង​ក្រុម ហើយ​គ្រប់គ្នាខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង គាំទ្រ​លោក និង​ធ្វើ​តាម​អ្វី​ដែល​លោក​ចង់​បាន​។ ប្រសិនបើ​គ្មាន​ពួក​គេ​នៅ​ពីក្រោយ​លោក លោក​ម្នាក់​អាច​មិនអាច​សម្រេច​ជោគជ័យ​បែបនេះ​ឡើយ​៕

ប្រភព៖ Marca