Skip to content
តើ CR7 ត្រូវការប៉ុន្មានគ្រាប់ទៀត ដើម្បីឈានដល់កំណត់ត្រាគ្រាប់បាល់ជូនក្រុមជម្រើសជាតិច្រើនបំផុត?
    ទំព័រដើម  »  កីឡាជាតិ

តើ CR7 ត្រូវការប៉ុន្មានគ្រាប់ទៀត ដើម្បីឈានដល់កំណត់ត្រាគ្រាប់បាល់ជូនក្រុមជម្រើសជាតិច្រើនបំផុត?

ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup ឲ្យ​ព័រទុយហ្គាល់ ៣ ប្រកួត​កន្លង​ទៅ​នេះ Cristiano Ronaldo រក​បាន​តែ​១គ្រាប់​ប៉ុណ្ណោះ នាំ​ឲ្យ​គ្រាប់​បាល់​សរុប​នៅ​ជម្រើស​ជាតិ​បាន​រំកិល​ឡើង​មក​ ១០៣គ្រាប់ ដោយត្រូវការ៦គ្រាប់ទៀតដើម្បីតាមទាន់អតីតខ្សែប្រយុទ្ធ​ Ali Daei ដែលជា​កីឡាករ​ទី ១ ក្នុង​ប្រវត្តិសាស្រ្តដែលមានគ្រាប់បាល់ជូនជម្រើសជាតិច្រើនបំផុត ១០៩គ្រាប់។

យ៉ាង​ណា​ការ​ប្រកួត​នៅ​ជម្រើស​ជាតិ​គឺ​ត្រូវ​បញ្ចប់​សិន​ហើយ ដោយ​រង់ចាំ​រយៈ​ពេល​ជាង ២ ខែ​ទៀត​ទើប​ត្រលប់​មក​វិញ។ នោះ​គឺ​នៅ​ខែ​មិថុនា ដែល​ព័រទុយហ្គាល់​ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ដល់​ទៅ ៥ ឯ​ណោះ មាន​ដូច​ជា​មិត្តភាព ២ លើក និង​នៅ​វគ្គ​ជម្រុះ​តាម​ពូល UEFA Euro ៣ ប្រកួត ឬ​អាច​មាន​លើស​ហ្នឹង​ប្រសិន​ព័រទុយហ្គាល់​បាន​ឡើង។

ក្នុង​នោះ​រួម​មាន​ជួបប្រកួតតទល់នឹង​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី ៥ ​មិថុនា ប៉ះ​អ៊ីស្រាអែល​ថ្ងៃ​ទី ១០ ​មិថុនា ប៉ះ​ហុងគ្រី (Euro) ១៥ ​មិថុនា ត្រូវតតាំងជាមួយ​អាល្លឺម៉ង់ (Euro) ១៩ ​មិថុនា និងប៉ះ​បារាំង (Euro) ២៤ ​មិថុនា។

និយាយ​ទៅ​មាន​ភាគរយ​ខ្ពស់​ដែល Ronaldo អាច​បំបែក​កំណត់ត្រា​ខាង​លើ​បាន​មុន អតិតខ្សែប្រយុទ្ធ Real Madrid រូបនេះ​ឈាន​ចូល​វ័យ ៣៧ ឆ្នាំ​នៅ​ឆ្នាំ​ក្រោយ ២០២២ ​ព្រោះ​អស់​ពី Euro ក៏​នៅ​មាន​ប្រកួត​ចំនួន ៧ ទៀត​ដូច​ជា​វគ្គ​ជម្រុះ​បឋម World Cup និង​មិត្តភាព​ផ្សេងៗ ដែល​សម​ល្មម​ CR7 នឹង​អាច​ធ្វើ​បាន​ត្រឹម ៧ គ្រាប់​នោះ៕