រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ
តាកែវ៖រដ្ឋបាលខេត្តតាកែវមានគម្រោងសាងសង់ប្រាសាទតម្លៃជាងពីរលានដុល្លារអាមេរិកស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ នៃទីរួមខេត្តតាកែវដើម្បីទុកជាទីសកា្ករៈគោរពបូជា និងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តាមពិតទៅកណ្ដាលបឹងតាកែវដែលជាបេះដូងនៃខេត្តនិរតីប្រទេសមួយនេះ កន្លងទៅប្រមាណកន្លះសតវត្សរ៍មុននេះធ្លាប់មានប្រាសាទមួយរួចមកហើយតែត្រូវបានខូចខាតដោយសង្រ្គាម។
ផែនការសង់ប្រាសាទឡើងវិញនេះ ត្រូវបានលើកយកបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញបានពិភាក្សាគ្នានិងឱ្យសិក្សាលើគម្រោងសាងសង់ប្រាសាទមស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ។
គម្រោងសាងសង់ប្រាសាទនៅកណ្ដាលផ្ទៃបឹងតាកែវ គ្រោងនឹងចំណាយប្រមាណជាង ២លានដុល្លារ ។ឯកឧត្តមអភិបាលខេត្តតាកែវបញ្ជាក់ថា ការចំណាយមិនប្រើប្រាស់ថវិកាជាតិទេ ។តែជាថវិកាដែលបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ។គោលបំណងនៃការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា និងបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។លើសពីនេះទុកជាកេរ្ដិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
បើតាមឯកឧត្តម វ៉ី សំណាង ក្រៅតែពីគម្រោងសង់ប្រាសាទនៅកណ្ដាលបឹង រដ្ឋបាលខេត្តនឹងរៀបចំផ្លូវក្រវាត់បឹងតាកែវ អមដោយសួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ធ្វើជាទីលំហែ និងហាត់ប្រាណផងដែរ៕
ដោយ៖តាកែវ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-16-34-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-16-32-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-16-31.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-16-33-1024x723.jpg)