សមត្ថកិច្ចបន្តបង្ហាញមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ»
ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៧នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។
យោងតាមមាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់ មធ្យោបាយទុច្ចរិត ៖
ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕


