វៀតណាមបង្កើតច្បាប់មិនឱ្យមានបក្ខពួកគ្រួសារនិយមក្នុងនយោបាយ

ហាណូយ៖ការិយាល័យ​នយោបាយ​ដែល​ជា​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​ បាន​ហាម​ឃាត់​​សមាជិក​ក្នុង​រង្វង់​គ្រួសារ​ ​មិន​ឱ្យ​ចូល​កាន់​តំណែង​ថ្នាក់​ដឹក​នាំ​កំពូលៗ​​ក្នុង​ពេល​ដំណាល​គ្នា​លើ​​វិស័យ​ចំនួន​ ១៣​ ដើម្បី​ជា​​ចំណាត់​ការ​​ប្រឆាំង​អំពើ​ពុក​រលួយ​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ VnExpress។

ការ​កំណត់​នេះ​ ធ្វើ​ឡើង​ក្នុង​សេចក្តី​សម្រេច​ស្តី​ពី​ការ​គ្រប់​គ្រង​អំណាច​ និង​ការ​ការពារ​អំពើ​ពុក​រលួយ ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក​ស្រី ទ្រុង ធី មៃ(​Truong Thi Mai)​សមាជិក​អចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាន​​ ​ដែល​បាន​​តំណា​ង​ឱ្យ​ការិយាល័យ​នយោបាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​ក្នុង​សេចក្តី​សម្រេច​នោះ​ការិយាល័យ​នយោបាយ​បាន​ទាម​ទារ​ថា​ មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ក្នុង​រង្វង់​​គ្រួសារ​ជាមួយ​គ្នា​​​ មិន​ត្រូវ​ទទួល​ដំណែង​ជា​អ្នក​ដឹក​នាំ​ក្នុង​ពេល​ដំណាល​គ្នា​នៅ​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​អចិន្ត្រៃយ៍ ​គណៈកម្មាធិការ​បុគ្គលិក​បក្ស​ និង​ក្រុម​ប្រឹក្សា​ភិបាល​ ក្នុង​ចំណោម​សមាជិក​ស្ថាប័ន​ដទៃ​ទៀតនោះ​​ទេ​។

​មនុស្ស​ដែល​មាន​ទំនាក់​ទំនង​ក្នុងរង្វង់​​គ្រួសារ​​ក៏​មិន​អាច​ក្លាយ​ជា​អ្នក​ដឹក​នាំ​កំពូល​​លើ​វិស័យ​ចំនួន​ ១៣ ក្នុង​​ពេល​ដំណាល​គ្នា​ដែរ​ ដែល​រួម​​វិស័យ​ធនាគារ ​ហិរញ្ញវត្ថុ​ ពន្ធដារ​ យោធា ​សន្តិសុខ​សាធារណៈ ​និង​លទ្ធកម្ម​ជា​ដើម​។​

​ការ​កំណត់​គូស​បញ្ជាក់​ថា​ ប្រសិន​បើ​គ្មាន​​បេក្ខជន​សាក​សម​​ផ្សេង​ទៀត​ទេ​ ហើយ​អ្នក​ដែល​មាន​ទំនាក់​ទំនង​គ្រួសារ​មាន​ភាព​ជឿ​ជាក់​ខ្ពស់​ក្នុង​ការ​កាន់​តំណែង​ណា​មួយ​នោះ នោះ​គឺ​ត្រូវ​តែ​មាន​ការ​អនុម័ត​ពីថ្នាក់​​ខ្ពស់​ជាមុន​​សិន​។

បើ​តាម​ VnExpress ​អ្នក​ដែល​មាន​ទំនាក់​ទំនងក្នុង​រង្វង់​​គ្រួសារ​​​ រួម​​មាន​​ប្តី​ប្រពន្ធ ​ឪពុក​ម្តាយ ​កូន​ (​រួម​ទាំង​កូន​ចិញ្ចឹម​)​ បង​ប្អូន​បង្កើត ​ក៏​ដូច​ជា​សមាជិក​គ្រួសារ​ទាំង​ខាង​​ប្តី​ និង​​ប្រពន្ធ​។​

ប្រសិន​បើ​តំណែង​ណា​មួយ​សម្រេច​ឡើង​ដោយ​មិន​ស្រប​តាម​​ការ​កំណត់​នេះ​ នោះ​នឹង​ចាត់​ទុក​ថា​ជា​ការ​​​រំលោភ​បំពាន​អំណាច​។​ ​បុគ្គលិក​ និង​មន្ត្រី​រដ្ឋាភិបាល​ដែល​បំពាន​បទ​ប្បញ្ញត្តិ​​នេះ​ អាច​ប្រឈម​នឹង​ផល​វិបាក ​រួម​ទាំង​លទ្ធភាព​នៃ​ការ​បណ្តេញ​ចេញពី​ការងារ​​ ការ​បណ្តេញ​ចេញ​ពី​បក្ស​កុម្មុយនិស្ត​ ​​​ឬ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​បុគ្គល​ដែល​បំពាន៕​

ប្រែសម្រួល៖ហួន ឌីណា

ads banner