ភ្លើងឆេះព្រៃលើកោះនៅក្រិក បង្កការជម្លៀសប្រជាជនរាប់ពាន់នាក់
អាថែន៖អាជ្ញាធរក្រិកបាននិយាយថា ភ្លើងឆេះព្រៃបានឆាបឆេះរហូតដល់គ្រប់គ្រងលែងបាននៅលើកោះ Rhodes របស់ប្រទេសក្រិកកាលពីថ្ងៃសៅរ៍ ដោយបង្កការជម្លៀសខ្លួនបង្ខំមនុស្សរាប់ពាន់នាក់ចេញពីភូមិ និងឆ្នេរដែលរងផលប៉ះពាល់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
មន្ត្រីឆ្មាំសមុទ្រក្រិកបាននិយាយថា នាវាឆ្មាំឆ្នេរសមុទ្រ និងទូកឯកជនជាង ២០ បានចូលរួមក្នុងប្រតិបត្តិការជម្លៀសមនុស្សប្រហែល ១ ០០០ នាក់ ពីផ្ទះ និងសណ្ឋាគារតាមឆ្នេរសមុទ្រនៅតំបន់រងគ្រោះ Kiotari និងLardos ដែលស្ថិតនៅភាគអាគ្នេយ៍នៃកោះ Rhodes ។
បើតាមរ៉យទ័រក្រុមអ្នកពន្លត់អគ្គីភ័យពិបាកនឹងការគ្រប់គ្រងការរាលដាលនៃភ្លើងឆេះព្រៃ ដែលបានឆាបឆេះអស់ជាច្រើនថ្ងៃ ហើយកាន់តែអាក្រក់ទៅៗដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំងនៅលើកោះ។ តាមពិតទៅ ភ្លើងបានឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅតាំងពីតំបន់ភ្នំមួយ កាលពីថ្ងៃអង្គារ។ តាមទីភ្នាក់ងារសារព័ត៌មាន Athens ភ្លើងឆេះបានបង្កការខូចខាតសណ្ឋាគារចំនួន៣នៅក្នុងភូមិមាត់សមុទ្រនៃតំបន់ Kiotari កាលពីថ្ងៃសៅរ៍។
ជាមួយគ្នានោះ អាជ្ញាធរការពារជនស៊ីវិលបានព្រមានពីហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃលើទីក្រុង Rhodes របស់កោះ និងតំបន់ផ្សេងទៀតក្នុងប្រទេសក្រិកនៅថ្ងៃអាទិត្យ ខណៈសីតុណ្ហភាពរំពឹងថានឹងឡើងដល់ ៤៥ អង្សាសេ ចំពេលដែលរលកកំដៅកំពុងវាយប្រហារប្រទេសក្រិក។
ជាធម្មតា ភ្លើងឆេះតែងកើតមានជារឿងធម្មតានៅក្នុងប្រទេសក្រិក។ យ៉ាងណាមិញ រដូវក្តៅកាន់តែក្តៅ ស្ងួត និងខ្យល់ខ្លាំង បានធ្វើឱ្យប្រទេសនេះរងគ្រោះដោយសារភ្លើងឆេះធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពេលនេះ អ្នកឧតុនិយមបានព្រមានថា សីតុណ្ហភាពក្តៅខ្លាំងក្នុងប្រទេស រំពឹងថានឹងបន្តរហូតដល់ចុងខែ៕
ប្រែសម្រួល៖ហួន ឌីណា
