កាណាដា៖ ភ្លៀងធ្លាក់ខ្លាំងវាយប្រហារខេត្តណូវាស្កូតា និងបណ្តាលឱ្យមនុស្ស ៤នាក់បាត់ខ្លួន ក្នុងទឹកជំនន់
កាណាដា៖ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ បានវាយប្រហារខេត្ត Nova Scotia ឬខេត្តអាត្លង់ទិក នៃប្រទេសកាណាដា ដោយបង្កឱ្យមានទឹកជំនន់ និងការខូចខាត ដែលមិនអាចនឹកស្មានដល់ ខណៈមនុស្ស ៤នាក់បានបាត់ខ្លួនក្នុងនោះមានកុមារ ២នាក់។
ប៉ូលិសប្រចាំតំបន់បានរាយការណ៍ថា ក្មេងដែលបាត់ខ្លួនទាំង ២នាក់ស្ថិតក្នុងរថយន្តដែលលិចក្នុងទឹកជំនន់។ ខណៈមនុស្ស៣នាក់ទៀតនៅក្នុងរថយន្តនោះ បានគេចខ្លួនទាន់ពេល។ ចំណែកឯ បុរស២នាក់ផ្សេងទៀត បានបាត់ខ្លួនភ្លាមៗផងដែរ បន្ទាប់ពីរថយន្តដែលពួកគេកំពុងជិះ លិចចូលក្នុងទឹក។
ខ្យល់ព្យុះដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្របានបោកបក់ទៅលើ ផ្នែកជាច្រើនក្នុងខេត្តមួយនេះ ត្រឹមរយៈពេល ២៤ ម៉ោង ដែលបង្កឱ្យទឹកជំនន់ជន់លិចផ្លូវថ្នល់ អគារមួយចំនួន និងបាក់ស្ពាន។ អភិបាលខេត្ត Nova Scotia លោក ធីម ហ៊ូស្តុន បាននិយាយថា ស្ថានភាពនេះគួរឱ្យខ្លាច និងថាស្ពានចំនួន ៧នឹងត្រូវតែជំនួស ឬសាងសង់ឡើងវិញ។
លោក ហ៊ូស្តុន បានប្រាប់សន្និសីទសារព័ត៌មានថា ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងគឺពិតជាមិនអាចនឹកស្មានដល់។ លោក បន្តថារដ្ឋបាលខេត្ត កំពុងស្វែងរកការគាំទ្រយ៉ាងសំខាន់ពីរដ្ឋាភិបាលសហព័ន្ធ ព្រោះ បើតាមការប៉ាន់ប្រមាណថា វាអាចចំណាយពេលច្រើនថ្ងៃទើបទឹកស្រក។
ទឹកជំនន់នេះ គឺជាគ្រោះមហន្តរាយចុងក្រោយបំផុតទាក់ទងនឹងអាកាសធាតុដែលបានវាយលុកប្រទេសកាណាដាក្នុងឆ្នាំនេះ។ កាលពីប៉ុន្មានខែមុន មានហេតុការណ៍ភ្លើងឆេះព្រៃសន្ធោសន្ធៅលើផ្ទៃដីរាប់ហិចតា និងបង្កជាផ្សែង ឃ្មួរខ្មាញ់ចូលទៅក្នុងសហរដ្ឋអាមេរិក។ កាលពីដើមខែនេះ តំបន់ភាគខាងកើតសហរដ្ឋអាមេរិក ក៏មានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋមួយចំនួន ស្រដៀងទៅនឹងកាណាដានាពេលនេះដែរ។
ខណៈពេលនេះ អាជ្ញាធរក្រុង Halifax ដែលជាទីក្រុងធំបំផុតនៅខេត្ត Nova Scotia បានប្រកាសភាពអាសន្ននៅទូទាំងទីក្រុង និងតំបន់ចំនួន ៤ផ្សេងទៀត។ សាលាក្រុង Halifax បានរាយការណ៍ថា ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត ហើយសាលាក្រុងបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងហាមប្រើប្រាស់រថយន្តឯកជនរបស់ពួកគេ។
តាមរូបភាពដែល បង្ហោះនៅលើបណ្តាញសង្គមពីទីក្រុង Halifax បានបង្ហាញថាផ្លូវនានាត្រូវគ្របដណ្ដប់ដោយទឹកជន់លិច ចំណែកឯការជួយសង្គ្រោះត្រូវប្រើប្រាស់ទូកដើម្បីសង្រ្គោះមនុស្ស។ អាជ្ញាធរបរិស្ថានកាណាដា បានព្យាករណ៍ថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ ពិសេសនៅភាគខាងកើតនៃខេត្តមួយនេះ៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
