បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះគ.ជ.បចំណាយថវិកាប្រមាណ ៥០លានដុល្លារ
ភ្នំពេញ៖ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ចំណាយថវិកាប្រមាណ៥០លានដុល្លារអាមេរិក។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននាញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែ កក្កដា ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬ ហៅកាត់ថា គ.ជ.បបានឱ្យដឹងថា បើគេគិតតាមការចំណាយខាង លើនេះទៅលើប្រជាពលរដ្ឋដែលស្ថិតក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប វិញសរុបប្រមាណជិត១០លាននាក់នេះ គឺបានសេចក្តីថា យើងអាចចំណាយសម្រាប់ពលរដ្ឋម្នាក់ប្រហែលជាង២ម៉ឺនរៀល។
ចំពោះការចំណាយថវិកានេះដែរឯកឧត្តម ទេពនីថា បានធ្វើការ ពន្យល់ថា” ការចំណាយសំខាន់ៗរបស់ គ.ជ.ប គឺទៅលើសម្ភារប្រើ ប្រាស់សម្រាប់ការបោះឆ្នោតអស់ជាងពាក់កណ្ដាល និងជិតពាក់ កណ្ដាលទៀតចំណាយលើប្រាក់កម្រៃរបស់មន្ត្រីបោះឆ្នោតដែលមានចំនួនសរុបជាង១៥០ ០០០នាក់។ ក្រៅពីនេះចំពោះមន្ត្រីបោះឆ្នោត ដែលបំពេញការងាររយៈពេលខ្លីមានជាង១៤០ ០០០ ខណៈមន្ត្រី គ.ជ.ប នៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តមានជាងមួយម៉ឺននាក់ ពួកគេបំពេញការងាររយៈពេលវែងចាប់ពី៣-៨ខែ។
សូមជម្រាបថា បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត ដែល គ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨.២១៣.២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃចំនួន អ្នកមាន ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៩.៧១០.៦៥៥នាក់។ស្ថិតិនេះមានការកើនឡើងជាងបោះឆ្នោតនីតិកាលទី៦ឆ្នាំ២០២៨ដែលមានចំនួនចេញទៅបោះឆ្នោតមានចំនួន៨៣,០២ភាគរយកន្លងមកទៀតផង៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក អ៊ិត រ៉ាវុធ




