គ.ជ.ប ៖ សន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតទេ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានបញ្ជាក់ថានៅក្នុងដំណើរការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះបើទោះបីមានសន្លឹកឆ្នោតមិនបានការមួយចំនួនក៏ដោយក៏មិនបង្កការប៉ះពាល់ដល់ដំណើរការបោះឆ្នោតទាំងស្រុងនៅកម្ពុជាបានឡើយ ។

គួរបញ្ជាក់ថា ការថ្លែងឱ្យដឹងបែបនេះធ្វើឡើងដោយ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.បនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ។

អគ្គលេខាធិការ គ.ជ.បបានថ្លែងបញ្ជាក់ថា ទោះបីគិតរហូតមកដល់ពេលនេះគេមិនទាន់បានដឹងជាក់ ពីស្ថិតិនៃសន្លឹកឆ្នោតយកជាការមិនបាននោះក៏ដោយ ប៉ុន្តែជាទូទៅហើយគេគិតសន្លឹកឆ្នោតដែលបានការប៉ុណ្ណោះ ចំពោះសន្លឹកឆ្នោតមិនបានការគេពុំគិតឡើយ ។ ហេតុនេះសន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ ។

គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃគ.ជ.បបែបនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានចោទសួរទាក់ទិនទៅនឹងក្រុមប្រឆាំង មួយចំនួនតូចបានធ្វើការឃោសនា និងជំរុញឱ្យពលរដ្ឋធ្វើការគូសសន្លឹកឆ្នោតចោលដើម្បីដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រទេសបច្ចុប្បន្នរួចមក ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ១៨ មានគណបក្សចំនួន ៨ ប៉ុណ្ណោះ ដែលបានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បី សង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ ។ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ហើយទោះបីជាមានការរំខានខ្លះដែលកើតឡើងដោយធាតុអាកាសយ៉ាងណាក៏ដោយក៏ដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះបានលើកឡើងដោយបញ្ជាក់ថា៖” បន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាម នីតិវិធី និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយនោះ និងបានទៅ ទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ”។

គួរបញ្ជាក់ថាការរៀបចំបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះត្រូវបានគេដឹងថា មានអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣នាក់មកពី ៦៥ ប្រទេស និងស្ថាប័នអន្តរជាតិផ្សេងៗទៀតចូលរួមផងដែរ ៕

អត្ថបទ៖ លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក អ៊ិត រ៉ាវុធ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner