លោក ពូទីន និងមេដឹកនាំបេឡារូស នឹងជួបប្រជុំគ្នា បន្ទាប់ពីរុស្ស៊ីព្រមានប្រឆាំងនឹងការឈ្លានពានបេឡារូស

មូស្គូ៖វិមាន​ក្រឹមឡាំង​បាន​​ឱ្យ​ដឹង​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ​ពូទីន​ និង​មេ​ដឹក​នាំ​បេឡារូស​ លោក អាឡិចសាន់ឌ័រ លូកាសិនកូ (Alexander Lukashenko) ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ២ ថ្ងៃ​បន្ទាប់​ពី​​ក្រុង​មូស្គូ​បាន​ព្រមាន​ថា​ ការ​ឈ្លាន​ពាន​ណា​មួយ​ប្រឆាំង​នឹង​បេឡារូស​ដែល​ជា​សម្ព័ន្ធ​មិត្ត​ប្ដូរ​ផ្ដាច់​របស់​ខ្លួន​ គឺ​ស្មើ​នឹង​ការ​ឈ្លាន​ពាន​រុស្ស៊ី​ផ្ទាល់​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

ជំនួប​នេះ​ក៏​ធ្វើ​ឡើង​ផង​ដែរ​បន្ទាប់​ពី​សមាជិក​ណាតូ​ប៉ូឡូញ​កាល​ពី​​សប្ដាហ៍​មុន​ បាន​ដាក់​ចល័ត​អង្គភាព​យោធា​នៅ​ជិត​ព្រំដែន​បេឡារូស​ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​​​​ប្រតិបត្តិការ​ហ្វឹក​ហាត់​កង​កម្លាំង​ពិសេស​បេឡារូស​ពី​សំណាក់​​ទាហាន​​ស៊ីឈ្នួល​វ៉ាក់ណែ​​​ក្បែរ​ព្រំដែន​។ ក្រោយ​ការណ៍​នេះ​ លោក​ ពូទីន​ ប្រតិកម្ម​ថា​ ​​ទីក្រុង​មូស្គូ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​អរិភា​ព​ណា​មួយ​ប្រឆាំង​នឹង​បេឡេរូស​។ ​​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា​ លោក​ លូកាសិនកូ នា​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេ​ស​រុស្ស៊ី​ ហើយ​នឹង​ពិភាក្សា​ជាមួយ​លោក ​ពូទីន ​អំពី​ការ​​វិវត្តន៍​បន្ថែម​ទៀត​នៃ​ «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​» រវាង​ប្រទេស​ទាំង​២​​។

គួរ​បញ្ជាក់​ថា​ ទោះ​បី​ជា​មិន​បញ្ជូន​កង​ទ័ព​ឱ្យ​ជួយ​រុស្ស៊ី​ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ក្ដី​ លោក​ លូកាសិនកូ ដែល​ជា​​សម្ព័ន្ធ​មិត្ត​ប្ដូរ​ផ្ដាច់​របស់​លោក​ ពូទីន​ បាន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ប្រើ​ទឹក​ដី​បេឡេរូស​ ដើម្បី​ធ្វើ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ពី​ភាគ​ខាង​ជើងនៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០២២​​។ ​

​ចាប់​តាំង​ពី​ពេល​នោះ​ម​ក​ ប្រទេស​ទាំង​​២​បាន​ធ្វើ​សម​យុទ្ធ​ហ្វឹក​ហ្វឺន​យោធា​រួម​គ្នា​ជា​ច្រើន​ដង​ ហើយ​កាល​ពី​ខែ​មិថុនា​ លោក​ លូកាសិនកូ ​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​លោក​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ដាក់​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ទៀត​ផង​ ដែល​ការណ៍​នេះ​រង​ការ​ថ្កោល​ទោស​ធ្ងន់​ធ្ងរ​ពី​លោក​ខាង​លិច​៕

ប្រែសម្រួល៖ហួន ឌីណា

ads banner