កាណាដាចាប់ខ្លួនមន្ត្រីប៉ូលិសចូលនិវត្តន៍ម្នាក់ ពីបទជួយចិនក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកាណាដា
អូតាវ៉ា៖អាជ្ញាធរកាណាដាបានចាប់ខ្លួនមន្ត្រីប៉ូលីសចូលនិវត្តន៍ម្នាក់ក្រោមបទចោទប្រកាន់ជួយជ្រោមជ្រែងចិនដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកាណាដា ចំពេលដែលភាពតានតឹងរវាងប្រទេសទាំង២កើនឡើង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍។
ប៉ូលីសសហព័ន្ធកាណាដាបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក William Majcher អាយុ ៦០ ឆ្នាំ រងការចោទប្រកាន់ពីបទប្រើប្រាស់ «ចំណេះដឹង និងបណ្តាញទំនាក់ទំនងជាមួយមនុស្សជាច្រើនរបស់លោកក្នុងប្រទេសកាណាដា ដើម្បីស៊ើបការណ៍សម្ងាត់ ដែលផ្តល់ផលប្រយោជន៍ដល់សាធារណៈរដ្ឋប្រជាមានិតចិន»។
លោក Majcher ដែលជាប្រជាជនមានពីហុងកុង បានស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២១ ហើយអាជ្ញាធរកាណាដាជឿថា លោកបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីកំណត់អត្តសញ្ញាណ និងបំភិតបំភ័យបុគ្គល ដោយមិនគោរពច្បាប់របស់ប្រទេសកាណាដា។
លោក Majcher បានបង្ហាញខ្លួនតាមប្រព័ន្ធវីដេអូកាលពីថ្ងៃសុក្រ នៅតុលាការ Longueuil នៅខាងក្រៅទីក្រុង Montreal ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្ត «សកម្មភាពរៀបចំសម្រាប់ផលប្រយោជន៍របស់អង្គភាពបរទេស» និងការសមគំនិត។
អ្នកនាំពាក្យប៉ូលិសកាណាដា បានប្រាប់ AFP ថា លោក Majcher ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver ហើយកំពុងឃុំខ្លួននៅទីនោះរហូតដល់ការបង្ហាញខ្លួននៅតុលាការបន្ទាប់ នាថ្ងៃពុធ។
គួរបញ្ជាក់ថា បទចោទប្រកាន់លោក Majcher កើតឡើង ចំពេលដែលកាណាដា និងចិន ស្ថិតនៅក្នុងភាពចម្រូងចម្រាស់ចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីប៉ូលិសកាណាដាប្រចាំក្រុង Vancouver ចាប់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុន Huawei តាមដីការបស់សហរដ្ឋអាមេរិក ហើយជនជាតិកាណាដា២នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសចិន ដែលគេមើលឃើញថាជាវិធានការសងសឹករបស់ចិន។
អ្នកទាំង៣ ត្រូវបានដោះលែង ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមានឡើងចាប់តាំងពីពេលនោះមក ដោយទីក្រុងប៉េកាំងបានបន្ទោសទីក្រុងអូតាវ៉ា ចំពោះការដើរផ្លូវស្របជាមួយក្រុងវ៉ាស៊ីនតោនលើគោលនយោបាយចំពោះចិន ខណៈអាជ្ញាធរកាណាដាជារឿងៗ បានចោទប្រកាន់ប្រទេសចិនថាបានជ្រៀតជ្រែកក្នុងកិច្ចការសាធារណៈរបស់ខ្លួន ដែលចិនតែងតែច្រានចោល៕
ប្រែសម្រួល៖ហួន ឌីណា